
ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ព្រះអង្គ យាងសម្ពោធមហាកុដិសម្តេចព្រះសង្ឃរាជ ជួន ណាត, វិទ្យាស្ថានស្រាវជ្រាវ និងអភិរក្សសាស្ត្រាស្លឹករឹតខ្មែរ នៅវត្តឧណ្ណាលោម។ «មហាកុដិ»មួយដែលស្ថិតក្នុងវត្តឧណ្ណាលោម ជាកន្លែងសម្តេចព្រះសង្ឃរាជ ជួន ណាត តាក់តែង និង រចនានូវ វចនានុក្រមខ្មែរដ៏ល្បីល្បាញ ហើយបានបន្សល់ទុកសម្រាប់ឧត្តមប្រយោជន៍ ផ្នែកអក្សរសាស្ត្រជាតិរហូតមកដល់បច្ចុប្បន្ននេះ។ ចំណែកឯជាន់ខាងក្រោមនៃមហាកុដិវិញ ត្រូវបានប្រើប្រាស់ ជាក្រសួងសម្ដេចព្រះសង្ឃរាជនាសម័យនោះ។
វត្តឧណ្ណាលោម គឺជាវត្តដែលស្ថិតនៅក្នុងចំណោមវត្តទាំង៦ ក្នុងរាជធានីភ្នំពេញ ដែល ត្រូវបានសាងសង់ឡើងក្នុងរជ្ជកាល ព្រះចៅពញាយ៉ាត នៅក្នុងឆ្នាំ១៤៣៧ ។ ហើយអ្វីដែលជា កត្តាប្រវត្តិសាស្រ្តនោះគឺ មានតែវត្តឧណ្ណាលោមតែមួយគត់ ដែលមានប្រាសាទសម័យអង្គរ ដោយយោងតាមការសិក្សាបង្ហាញថា ប្រាសាទនេះសាងសង់ឡើង ក្នុងចន្លោះសតវត្សរ៍ទី១១ និងទី១២ ដោយមានរចនាបថកោះកេរ។

វត្តនេះ មានមហាកុដិមួយដែលបានផ្តើមស្ថាបនាឡើង នៅក្នុងឆ្នាំ១៩៤៩ ក្រោម ព្រះរាជូបត្ថម្ភក៍ របស់ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ព្រះចៅក្រុងកម្ពុជាធិបតី និង រួមមួយអន្លើដោយសទ្ធាជ្រះថ្លា រួបរួមគ្នា ពីសំណាក់ពុទ្ធបរិស័ទ ក្នុងក្រុងភ្នំពេញ និងខេត្តផ្សេងទៀត ដរាបដល់រួចរាល់ជាស្ថាពរ ហើយបានសម្ពោធឆ្លង ចាប់ពី ថ្ងៃទី១០-១៣ ខែមករា ឆ្នាំ១៩៥២។
មហាកុដិនេះទៀតសោត បានក្លាយជាព្រះរាជដំណាក់ នៃសម្ដេចព្រះសង្ឃរាជរហូតដល់ទៅ ៣ព្រះអង្គគឺ៖ពីឆ្នាំ១៩៥២ ដល់ឆ្នាំ១៩៦៩ ជាទីគង់ប្រថាប់របស់ សម្តេចព្រះសង្ឃរាជ ជួន ណាត ពីឆ្នាំ១៩៦៩ ដល់ឆ្នាំ ១៩៧៥ ជាទីគង់ប្រថាប់របស់ សម្ដេចព្រះសង្ឃរាជ ហួត តាត និងពីឆ្នាំ១៩៧៩ដល់ឆ្នាំ២០២៤ ជាទីគង់ប្រថាប់របស់ សម្តេចព្រះមហាសង្ឃរាជ ទេព វង្ស ។

នៅអំឡុងទសវត្សរ៍ឆ្នាំ៥០ ដល់ ទី៦០ មហាកុដិ នេះ ជាន់ខាងលើ ជាកន្លែង ដែលសម្តេចព្រះសង្ឃរាជ ជួន ណាត តាក់តែង និង រចនានូវ វចនានុក្រមខ្មែរដ៏ល្បីល្បាញ ហើយបានបន្សល់ទុកសម្រាប់ឧត្តមប្រយោជន៍ ផ្នែកអក្សរសាស្ត ជាតិរហូតមកដល់បច្ចុប្បន្ននេះ។ ចំណែកឯជាន់ខាងក្រោមនៃមហាកុដិវិញ ត្រូវបានប្រើប្រាស់ ជាក្រសួងសម្ដេចព្រះសង្ឃរាជនាសម័យនោះ។
គួរបញ្ជាក់ថា មហាកុដិនេះមានសភាពទ្រុឌទ្រោមយ៉ាងខ្លាំង អាស្រ័យដោយអាយុកាលនៃសំណង់ អស់រយៈកាលជាច្រើនឆ្នាំមកហើយ ត្រូវបានជួសជុលកែលម្អ ឲ្យមានសភាពដូចដើមឡើងវិញ ជាដំណាក់កាលគិតពីឆ្នាំ ១៩៩០ ដល់ឆ្នាំ២០២៥ ដោយចំណាយថវិកាសរុបអស់ ១ ០៣៦ ៩៥៧.៨០ (មួយលាន បីម៉ឺន ប្រាំមួយពាន់ ប្រាំបួនរយ ហាសិប ប្រាំពីរ ដុល្លារ) ដើម្បីតម្កល់ទុកជាសម្បត្តិព្រះពុទ្ធសាសនា៕

