Cctime 6monthsfree desktop
Cc times  web banner kh

សមាគមឧកញ៉ាកម្ពុជាសម្រេចបានលទ្ធផលជាច្រើនក្នុងវេទិកាធុរកិច្ចកម្ពុជា-ហ្វីលីពីន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

សាធារណរដ្ឋហ្វីលីពីន៖ សមាគមឧកញ៉ាកម្ពុជា សម្រេចបាននូវលទ្ធផលវិជ្ជមានជាច្រើនក្នុងវេទិកាធុរកិច្ចកម្ពុជា-ហ្វីលីពីន ដោយក្នុងនោះក្រុមហ៊ុននៅហ្វីលីពីនមួយឈ្មោះ Excellent Associates Group Limited បានបង្ហាញចំណាប់អារម្មណ៍ក្នុងការវិនិយោគនៅកម្ពុជា ដែលរួមមានការវិនិយោគសួនឧស្សាហកម្ម និងកសិ-ឧស្សាហកម្ម ព្រមទាំងការកែច្នៃ និងនាំចេញអង្ករទៅកាន់ ទីផ្សារសំខាន់ៗមួយចំនួន។

អ្នកឧកញ៉ា សៀ ឬទ្ធី អនុប្រធានសមាគមឧកញ៉ាកម្ពុជា បានធ្វើជាតំណាងដើម្បីដឹកនាំប្រតិភូសមាគមឧកញ៉ាកម្ពុជា ចូលរួមអមដំណើរទស្សនកិច្ចផ្លូវការសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាទៅកាន់សាធារណរដ្ឋហ្វីលីពីន កាលពីថ្ងៃទី១០-១១ ខែកុម្ភៈ ឆ្នាំ២០២៥។ តំណាងសមាគមឧកញ៉ាកម្ពុជា បានចូលរួមជំនួបសម្ដែងការគួរសម និងពិភាក្សាការងារធុរកិច្ចជាមួយ សម្ដេច ហ៊ុន ម៉ាណែត និងប្រតិភូធុរជនហ្វីលីពីននៃក្រុមហ៊ុន Excellent Associates Group Limited ដើម្បីលើកឡើងអំពីប្រតិបត្តិការនិងវឌ្ឍនភាពរបស់ក្រុមហ៊ុន និងចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា ដែលរួមមាន ការវិនិយោគសួនឧស្សាហកម្ម និងកសិ-ឧស្សាហកម្ម ព្រមទាំងការនាំចេញអង្ករទៅកាន់ទីផ្សារសំខាន់ៗមួយចំនួនដូចជា ចិន ហុងកុង និងទីផ្សារដទៃទៀតនាពេលអនាគត។

អ្នកឧកញ៉ា សៀ ឬទ្ធី បានចែករំលែកអំពីទស្សនវិស័យ បេសកកម្ម និងតួនាទីស្នូលរបស់សមាគមឧកញ៉ាកម្ពុជា ដែលជាសមាគមតែមួយគត់នៅកម្ពុជា ប្រមូលផ្ដុំនូវធុរជននិងវិនិយោគិនមកពីចម្រុះវិស័យ ព្រមទាំងត្រៀមខ្លួនក្នុងកិច្ចសហប្រតិបត្តិការធុរកិច្ចនានាផងដែរ។ លើសពីនេះ អ្នកឧកញ៉ា បានពន្យល់លម្អិតអំពីសក្ដានុពលរបស់កម្ពុជាក្នុងការធ្វើជាមជ្ឈមណ្ឌលដឹកជញ្ជូន និងពិភាក្សាអំពីឱកាសដ៏ជោគជ័យក្នុងការផលិត និងកែច្នៃម្ហូបអាហារ ព្រមទាំងលើកទឹកចិត្តធុរជនហ្វីលីពីនមកសិក្សាឈ្វេងយល់ទីផ្សារនៅកម្ពុជា និងបង្កើតភាពជាដៃគូដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមក។

ជាលទ្ធផលនៃដំណើរទស្សនកិច្ច ខាងប្រតិភូសមាគមឧកញ៉ាកម្ពុជាសម្រេចបាននូវលទ្ធផលវិជ្ជមានជាច្រើន រួមមាន ១) . ការចូលរួមវេទិកាធុរកិច្ចកម្ពុជា-ហ្វីលីពីន និងជួបផ្គូផ្គងធុរកិច្ចជាមួយធុរជនហ្វីលីពីន ដែលមានវិនិយោគិនចូលរួមសរុបចំនួន ២០៩នាក់ មកពីបណ្តាក្រុមហ៊ុនចំនួន ១៥១ក្រុមហ៊ុន និងការផ្លាស់ប្ដូរទំនាក់ទំនងគ្នាសម្រាប់កិច្ចសហប្រតិបត្តិការធុរកិច្ចនាពេលអនាគត ២.) ក្រោមកិច្ចសម្របសម្រួលរបស់សមាគមឧកញ៉ាកម្ពុជាក្នុងជំនួបសម្ដែងការគួរសមនិងពិភាក្សាការងារជាមួយ សម្ដេចធិបតី ក្រុមហ៊ុន Excellent Associates Group Limited បានបង្ហាញចំណាប់អារម្មណ៍ក្នុងការវិនិយោគនៅកម្ពុជា ដែលរួមមានការវិនិយោគសួនឧស្សាហកម្ម និងកសិ-ឧស្សាហកម្ម ព្រមទាំងការកែច្នៃ និងនាំចេញអង្ករទៅកាន់ ទីផ្សារសំខាន់ៗមួយចំនួន ដូចជា ចិន ហុងកុង និងទីផ្សារដទៃទៀតនាពេលអនាគត ៣.) ជំនួបអាហារពេលព្រឹកជាមួយ ថ្នាក់ដឹកនាំធុរកិច្ចហ្វីលីពីនចំនួន ២៧ក្រុមហ៊ុន រៀបចំដោយ អ្នកឧកញ៉ា សៀ ឬទ្ធី អនុប្រធានសមាគមឧកញ៉ា ក្រោមអធិបតីភាព ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដើម្បីចែករំលែកអំពីទស្សនវិស័យ បេសកកម្ម និងតួនាទីស្នូលរបស់សមាគមឧកញ៉ាកម្ពុជា ផ្សព្វផ្សាយអំពីបរិយាកាសធុរកិច្ចនិងវិនិយោគនៅកម្ពុជា និងការជំរុញឱ្យមានការបំពេញទស្សនកិច្ចធុរកិច្ចទៅវិញទៅមក រវាងធុរជនកម្ពុជា និងហ្វីលីពីន ដើម្បីសិក្សាឈ្វេងយល់ផ្ទាល់អំពីទីផ្សារនៃប្រទេសទាំងពីរ និងបង្កើតភាពជាដៃគូ និង ៤.) កិច្ចពិភាក្សារវាងសមាជិកប្រតិភូសមាគមឧកញ៉ាកម្ពុជា ដើម្បីចែករំលែក និងផ្លាស់ប្ដូរគំនិតយោបល់អំពីដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃ នៅទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង