
ភ្នំពេញ៖ ក្រុមអ្នកជំនាញជាតិ និងអន្តរជាតិ នៅថ្ងៃទី១៧ ខែកុម្ភៈ បានដំណើរការពិភាក្សាគ្នា ដើម្បីពង្រឹងការអភិរក្សសត្វត្មាត នៅក្នុងពិភពលោក។ នេះជាជំនួបសន្ទនាលើកដំបូងសម្រាប់កម្ពុជា ជាមួយក្រុមអ្នកជំនាញ និងអ្នកអភិរក្សនៃប្រទេសមានវត្តមានសត្វត្មាតដូចជា បង់ក្លាដេស ឥណ្ឌា នេប៉ាល់ ប៉ាគីស្ថាន និងមីយ៉ាន់ម៉ា។ ក្នុងឱកាសនេះ ក៏មានអ្នកជំនាញមកពីប្រទេសថៃ ដែលមានគម្រោងសិក្សាពីការត្រៀមបង្កាត់ពូជសត្វត្មាត ដើម្បីបង្កើតឱ្យមានវត្តមាននៅក្នុងប្រទេសរបស់ខ្លួនផងដែរ។

លោក ជា សំអាង រដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកឡើងថា កម្ពុជា គឺជាក្តីសង្ឃឹមចុងក្រោយ សម្រាប់ប្រភេទសត្វត្មាតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ខណៈចំនួនបានធ្លាក់ចុះពាក់កណ្តាល ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ។ លោក បន្ថែមថា អស់រយៈពេលជិតពីរទស្សវត្សមកហើយ ដែលក្រសួងបរិស្ថាន និងក្រុមការងារសត្វត្មាតកម្ពុជា បានធ្វើការក្នុងភាពជាដៃគូជិតស្និទ្ធ ដើម្បីការពារសត្វត្មាតរស់នៅទាំងបីប្រភេទរបស់កម្ពុជា។ តាមរយៈកិច្ចខិតខំប្រឹងប្រែងអភិរក្សរួមគ្នា យើងបានអនុវត្តកម្មវិធីជាច្រើននៅទូទាំងតំបន់ការពារជាច្រើន ដើម្បីដោះស្រាយការគំរាមកំហែងសំខាន់ៗ តាមដានចំនួនប្រជាសាស្ត្រ និងធានាការរស់រានមានជីវិតរយៈពេលវែងរបស់ពួកវា។

លោក ប៊ូ វរសក្ស នាយកអង្គការជិវិតធម្មជាតិនៅកម្ពុជា បានលើកឡើងថា កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសឥណ្ឌូចិន ដែលនៅមានសត្វត្មាតជិតផុតពូជចំនួនបីប្រភេទ គឺត្មាតភ្លើង ត្មាតផេះ និងត្មាតត្នោត។ លោកបញ្ជាក់ថា ជាមួយនឹងការខិតខំប្រឹងប្រែងរបស់ក្រុមការងារ លោកអាចបញ្ជាក់បានថា ចំនួនប្រជាសាស្ត្រសត្វត្មាតនៅកម្ពុជា ស្ថិតក្នុងស្ថានភាពថេរ ដោយតាមទិន្នន័យជំរឿនចុងក្រោយនេះ ចំនួនរបស់ពួកវាទាំងបីប្រភេទ មានប្រហែល១៣០ក្បាល។ អ្នកជំនាញ បានបន្ថែមថា សត្វត្មាត រងការគំរាមកំហែងដូចជា ការពុល កង្វះចំណីអាហារ ការបាត់បង់ជម្រក និងសកម្មភាព រំខានដោយមនុស្ស ដែលការណ៍នេះ ត្រូវតែមានកិច្ចសហប្រតិបត្តិការពីបណ្តាអ្នកពាក់ព័ន្ធទាំងអស់។

លោកស្រី Jemima Parry-Jones ប្រធានសមាគមនៃអង្គការមកពីប្រទេសចំនួនប្រាំមួយសម្រាប់ការសង្គ្រោះសត្វត្មាតអាស៊ីពីការផុតពូជ (SAVE) បានអំពាវនាវឱ្យមានការចូលរួមអភិរក្ស និងការពារសត្វត្មាត ដោយសារវាជាអ្នកដែលសម្អាតបរិស្ថានដោយស៊ីគម្រង់សាកសពសត្វផ្សេងទៀតជាអាហារ។ លោកស្រី បន្ថែមថា ការការពារ និងអភិរក្សសត្វត្មាត បានគង់វង្ស វាជាការថែរក្សាមរតកធម្មជាតិដ៏ មានតម្លៃមហាសាលសម្រាប់កម្ពុជា និងពិភពលោកទាំងមូល ព្រមទាំងជាតម្លៃសម្រាប់ការអភិរក្សជីវៈចម្រុះ និងការទាក់ទាញភ្ញៀវទេសចរ។

គួរបញ្ជាក់ថា សត្វត្មាត មានតួនាទីសំខាន់ក្នុងធម្មជាតិនោះ គឺជាអ្នកសម្អាតបរិស្ថាន និងត្រូវចាត់ទុកជាសត្វមានតម្លៃសម្រាប់វិស័យទេសចរណ៍ធម្មជាតិ។ ត្មាតត្រូវបានចាត់ថ្នាក់ជាប្រភេទសត្វជិតផុតពូជបំផុត ក្នុងបញ្ជីក្រហមនៃអង្គការសហភាពអន្ដរជាតិដើម្បីការអភិរក្សធម្មជាតិ(IUCN)។ បច្ចុប្បន្ន ក្រុមការងារអភិរក្សសត្វត្មាតនៅកម្ពុជា បានបង្កើតឡើងដោយរួមមាន តំណាងក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល និងគ្រឹះស្ថានសិក្សាជាន់ខ្ពស់ ក្នុងគោលបំណង ទប់ស្កាត់ការផុតពូជរបស់សត្វត្មាតនៅកម្ពុជា។ កិច្ចប្រជុំនេះ ធ្វើឡើងចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ នឹងផ្តល់ឱកាសមួយឱ្យក្រុមអ្នកអភិរក្សបរិស្ថានជាតិនិងអន្តរជាតិបានរៀបចំផែនការសកម្មភាព ដើម្បីដោះស្រាយ ការគំរាមកំហែងដូចជា ចំណីពុលដល់សត្វត្មាត និងកម្ពុជាមានឱកាសចែករំលែកការអភិរក្សសត្វត្មាតជូនតំណាងប្រទេសនានាផងដែរ៕

