Cctime 6monthsfree desktop
Cc times  web banner kh

រដ្ឋបញ្ចេញថវិកា៦០លានដុល្លារសម្រាប់ពង្រីកបណ្តាញទឹកស្អាតជូនប្រជាពលរដ្ឋនៅខេត្តចំនួន៥

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា សម្រេចទម្លាក់កញ្ចប់ថវិកាប្រមាណ ៦០លានដុល្លារអាម៉េរិក រយៈពេល៣ឆ្នាំ ទៅក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីវិនិយោគលើការពង្រីកបណ្ដាញទឹកស្អាតសម្រាប់ការផ្គត់ផ្គង់ជូនប្រជាពលរដ្ឋនៅក្នុងខេត្តចំនួន៥ដូចជា ខេត្តកំពត ស្វាយរៀង កំពង់ធំ មណ្ឌលគីរី និងខេត្តពោធិ៍សាត់។ នេះបើតាមប្រសាសន៍របស់សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងឱកាសដឹកនាំសន្និបាតបូកសរុបសកម្មភាព និងលទ្ធផលការងារចុះមូលដ្ឋាន របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន នៅវិមានសន្តិភាព កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥។

សម្ដេច ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ ជាកិច្ចការមួយដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្លាំងជាច្រើនអាណត្តិមកហើយ។ ជាលទ្ធផល រាជរដ្ឋាភិបាល បានកសាងបណ្ដាញទឹកស្អាតដែលគ្របដណ្ដប់តំបន់ជាច្រើន នៅតាមបណ្ដារាជធានី-ខេត្ត នៅទូទាំងប្រទេស។ ដោយសារកំណើនប្រជាពលរដ្ឋ ដែលធ្វើឱ្យតម្រូវការផ្គត់ផ្គង់ទឹកស្អាតកាន់តែមានច្រើនឡើងជាលំដាប់ ជាពិសេសនៅតំបន់ជនបទ និងតំបន់ដែលកកើតថ្មីៗជុំវិញទីក្រុង និងទីប្រជុំជនធំៗ។ នេះបើតាមការបញ្ជាក់របស់សម្ដេច ហ៊ុន ម៉ាណែត។

សម្ដេច បានបញ្ជាក់ថា រាជរដ្ឋាភិបាល បានធ្វើការវិនិយោគជាបន្តបន្ទាប់នៅក្នុងការបង្កើនសមត្ថភាពផលិតទឹកស្អាតផ្ដល់ជូនប្រជាពលរដ្ឋ ហើយថ្មីៗនេះ តាមសំណើរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សម្ដេចបានសម្រេចផ្ដល់ថវិកាចំនួន៦០លានដុល្លារអាម៉េរិកក្នុងរយៈពេលបីឆ្នាំ សម្រាប់ធ្វើការវិនិយោគពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត និងបណ្ដាញទឹកស្អាត ដើម្បីផ្គត់ផ្គង់ជូនប្រជាពលរដ្ឋនៅ ៥ខេត្ត រួមមាន ខេត្តកំពត ស្វាយរៀង កំពង់ធំ មណ្ឌលគីរី និងខេត្តពោធិ៍សាត់។ សម្ដេច បានបន្ថែមថា យើងនឹងបន្តកិច្ចការងារនេះជាជំហានៗ រហូតដល់បណ្ដាញទឹកស្អាត មានលទ្ធភាពគ្របដណ្តប់ទូទាំងប្រទេសនៅថ្ងៃអនាគត៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង