
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បានថ្លែងសារជាវីដេអូ ប្រាប់ពលរដ្ឋទាំង«កុំឱ្យសងប្រាក់»ទៅក្រុមដែលផ្តល់កម្ចីអនឡាញខុសច្បាប់។ការប្រកាសនេះ គឺធ្វើឡើងក្រោយពីមើលឃើញថា បញ្ហាកម្ចីតាមអនឡាញខុសច្បាប់មានកើតឡើងច្រើននាំឱ្យពលរដ្ឋមួយចំនួនរងគ្រោះ ជាមួយការបង្ហាញក្តីបារម្ភពីក្រុមអ្នកជំនាញ។
តាមរយៈវីដេអូចេញផ្សាយនៅក្រសួងមហាផ្ទៃ លោក ស សុខា ប្រាប់ពលរដ្ឋ កុំឱ្យខ្លាចញញើតនឹងពួកកម្ចីខុសច្បាប់ទាំងនោះ។លោកសង្កត់ធ្ងន់ថា ប្រសិនបើក្រុមឱ្យខ្ចីប្រាក់នោះ ជាក្រុមដែលខុសច្បាប់ ក្រុមជនបរទេសដែលធ្វើការកម្ចីតាមអនឡាញជាដើមនោះ គឺកុំសងតែម្តង បើសិនជាមានការរករឿងណាមួយសូមប្តឹងមកសមត្ថកិច្ច។
ជាមួយគ្នានោះលោក ស សុខា ក៏បានរំឭកពលរដ្ឋ ឱ្យបែងចែកឱ្យដាច់ រវាងកម្ចីអនឡាញ ខុសច្បាប់ និង កម្ចីស្របច្បាប់ដែលផ្តល់ដោយធនាគារ និងគ្រឹះស្ថានមីហិរញ្ញវត្ថុ ដែលទទួលស្គាល់ដោយធនាគារជាតិនៃកម្ពុជា៕