![](https://cdn.cc-times.com/kh.cc-times.com/media/59296/large/477482953_941205308190464_4361368177199539771_n_%E1%9F%A1.jpg?1739332885)
ទីក្រុងហ្វូចូវ៖ គណៈប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើឲ្យក្រុមហ៊ុន CSCEC Strait Construction and Development Co. LTD ដែលជាក្រុមហ៊ុនស្ថិតនៅលេខលំដាប់លើសកលលោក ដែលមានជំនាញលើការងារវិនិយោគការសាងសង់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ឡូជីស្ទីក សហការពិនិត្យមើលគម្រោងនៅក្នុងផែនការមេ ដែលក្រុមហ៊ុនអាចចូលរួមចំណែកវិនិយោគ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងឡូជីស្ទីកនៅកម្ពុជា។ សំណើនេះត្រូវបានលើកឡើងនាឱកាសចុះទស្សនកិច្ចនៅការដ្ឋានសាងសង់ហេដ្ឋារចនាសម្ព័ន្ធស្ពានថ្នល់របស់ក្រុមហ៊ុនផ្ទាល់ នៅទីក្រុងហ្វូចូវ ខេត្តហ្វូចៀន នៃសាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥។
បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន គោលបំណងនៃទស្សនកិច្ចនេះ គឺដើម្បីអនុវត្តកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្តូរបទពិសោធន៍ ជាមួយក្រុមហ៊ុន CSCEC នៃប្រទេសចិន។
លោក ហេង ណន រដ្ឋលេខាធិការ ក្រសួងសាធារណការនិងដឹកជញ្ជូន និងប្រធានប្រតិភូកម្ពុជា បានគូសបញ្ជាក់អំពីសមទ្ធិផលសំខាន់ៗនៃផ្នែកសាធារណការ និងដឹកជញ្ជូនកម្ពុជា ដែលកម្ពុជាសម្រេចបាននាពេលកន្លងមក។ លោកក៏បានស្នើឲ្យក្រុមហ៊ុន CSCEC Strait សហការពិនិត្យមើលគម្រោងនៅក្នុងផែនការមេ ដែលក្រុមហ៊ុនអាចចូលរួមចំណែកវិនិយោគ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងឡូជីស្ទីកនៅកម្ពុជា។
លោកបានថ្លែងអំណរគុណចំពោះគណៈគ្រប់គ្រងក្រុមហ៊ុនដែលបានអញ្ជើញប្រតិភូក្រសួង ដើម្បីជួបពិភាក្សា និងនាំប្រតិភូក្រសួងចុះសិក្សាស្វែងយល់ផ្ទាល់នៅការដ្ឋានសាងសង់ និងទីតាំងគម្រោងមួយចំនួនរបស់ក្រុមហ៊ុន។ ទន្ទឹមនេះ លោកក៏បានថ្លែងអំណរគុណចំពោះការរៀបចំបដិសណ្ឋារកិច្ចដ៏កក់ក្តៅរបស់ក្រុមហ៊ុនចំពោះប្រតិភូកម្ពុជា។
គួរបញ្ជាក់ថា ក្រុមហ៊ុន CSCEC Strait Construction and Development ជាក្រុមហ៊ុនវិនិយោគលំដាប់ទី១បង្អស់នៅប្រទេសចិន និងជាក្រុមហ៊ុនស្ថិតនៅលេខលំដាប់លើសកលលោក ដែលមានជំនាញលើការងារវិនិយោគការសាងសង់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ឡូជីស្ទីក សួនឧស្សាហកម្ម លំនៅឋាន និងការអភិវឌ្ឍទីក្រុងប្រកបដោយចីរភាព បរិយាបន្ន សមតុល្យសេដ្ឋកិច្ឋ គណនីយភាព និងសមធម៌សង្គម៕
![](https://cdn.cc-times.com/kh.cc-times.com/media/59297/large/476798602_941205588190436_4895611493667037235_n.jpg?1739332925)
![](https://cdn.cc-times.com/kh.cc-times.com/media/59298/large/476836907_941205694857092_1350116810216270265_n.jpg?1739332936)
![](https://cdn.cc-times.com/kh.cc-times.com/media/59299/large/476799099_941205291523799_4715916985598344934_n.jpg?1739332955)
![](https://cdn.cc-times.com/kh.cc-times.com/media/59300/large/477747414_941205808190414_7915081493950237496_n.jpg?1739332977)
![](https://cdn.cc-times.com/kh.cc-times.com/media/59301/large/477709093_941205898190405_3551299941330345760_n.jpg?1739332992)
![](https://cdn.cc-times.com/kh.cc-times.com/media/59302/large/476836926_941205904857071_3918428785698581654_n.jpg?1739333000)