
សៀមរាប៖ អភិបាលខេត្តសៀមរាប នៅថ្ងៃទី ១១ កុម្ភៈម្សិលមិញ ចេញសារបញ្ជាក់ជាថ្មីបន្ថែមថា រដ្ឋបាលខេត្តសៀមរាប មិនដែលសូម្បីតែគិតថាដូរឈ្មោះទីតាំងសាធារណៈណាមួយទេ។ការចេញមកអះអាងបន្ថែមនេះ គឺធ្វើឡើងក្រោយពីមានប្រជាពលរដ្ឋក្នុងខេត្តសៀមរាបមួយចំនួនទទួលបានព័ត៌មានមិនគ្រប់យល់ថា រដ្ឋបាលខេត្តសៀមរាបប្តូរឈ្មោះសួរព្រះរាជដំណាក់។
យោងតាមរដ្ឋបាលខេត្តសៀមរាប បានគូសបញ្ជាក់ថា «សួនព្រះរាជដំណាក់» គឺរដ្ឋបាលខេត្តពុំមានការប្ដូរឈ្មោះឡើយ គឺស្ថិតនៅដដែល។ចំណែក«សួនតេជោសន្តិភាព»ជាឈ្មោះផ្លូវការសួនមួយទៀតដោយឡែក ពុំមានពាក់ព័ន្ធនឹងសួនព្រះរាជដំណាក់ឡើយ។សម្រាប់រដ្ឋបាលខេត្ត«សួនតេជោសន្តិភាព» គឺមានទីតាំងនៅមុខ មហាសណ្ឋាគារអង្គរ ឬ Raffles Grand Hotel d’Angkor កន្លងមកមិនទាន់មានឈ្មោះជាផ្លូវការទេ។ រដ្ឋបាលខេត្តសៀមរាប សុំគោលការណ៍រៀបចំសួនច្បារនេះ ដោយឱ្យឈ្មោះថា «សួនតេជោសន្តិភាព» ដោយភ្ជាប់ការរំឭកដល់គោលនយោបាយឈ្នះឈ្នះ ដែលធ្វើឱ្យមានសន្តិភាពរហូតដល់សព្វថ្ងៃ។
បន្ថែមលើពីនេះលោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានគូសបញ្ជាក់ថា កន្លងទៅរដ្ឋបាលខេត្តធ្លាប់ទទួលបានការណែនាំ សិក្សាទីតាំងដែលល្អផ្សេងពីសួននៅជុំវិញសួនព្រះរាជដំណាក់នេះ ដើម្បីដាក់បង្ហាញពីប្រវត្តិនៃការបញ្ចប់សង្គ្រាមនៅកម្ពុជា ដែលនាំឱ្យកម្ពុជាទទួលបានសុខសន្តិភាពមកដល់បច្ចុប្បន្ន។
លោកថ្លែងថា "ខ្ញុំបានសន្យាជាមួយសម្តេចតេជោ ក៏សន្យាជាមួយអ្នកខេត្តសៀមរាបនឹងរៀបចំសួនទាំងអស់អោយល្អស្រស់ស្អាត ។ខ្ញុំបាទសូមបញ្ជាក់ថារដ្ឋបាលខេត្តសៀមរាបមិនដែលសូម្បីតែគិតថាដូរឈ្មោះទីតាំងសាធារណៈណាមួយទេ"៕