
ក្រចេះ៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសមាគមសុខាភិបាលខ្មែរនៅអាមេរិក ចុះព្យាបាលជំងឺ និងផ្តល់វែនតា ជូនដល់ពលរដ្ឋ ដោយឥតគិតថ្លៃ នៅក្នុងមន្ទីរពេទ្យបង្អែកចំនួន ៣ ខេត្តក្រចេះ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយពិនិត្យទៅលើជំងឺទូទៅ វះកាត់រោគស្ត្រី វះកាត់ភ្នែក ព្យាបាលមាត់ធ្មេញ ចាក់ម្ជុលវិទ្យាសាស្ត្រ និងចែកវ៉ែនតាជូនចាស់ៗ។
លោកវេជ្ជបណ្ឌិត តាន់សុង ប្រធានក្រុមការងារនៃសមាគម បានលើកទ្បើងថា ទោះបីជាលោករស់លើទឹកដីអាមេរិក ក៏លោកនៅនឹករលឹកនិងស្រឡាញ់ទឹកដីកំណើតដែលធ្លាប់រស់នៅ ពិសេសប្រជាពលរដ្ឋដែលជួបការលំបាកពីរឿងសុខភាព ទើបលោកធ្វើការប្រកាសដល់សប្បុរសជន និងក្រុមគ្រូពេទ្យខ្មែរនៅអាមេរិក ឱ្យជួយជាថវិកា ថ្នាំពេទ្យ វ៉ែនតា ពិសេសទៅទៀត គឺវេជ្ជបណ្ឌិតសមាគមសុខាភិបាលខ្មែរនៅអាមេរិក ចុះមកខេត្តក្រចេះជួយព្យាបាលជំងឺជូនប្រជាពលរដ្ឋស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ។

គូរបញ្ជាក់ថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសមាគមសុខាភិបាលខ្មែរនៅអាមេរិក (CHPAA) សរុប ២៥៨ នាក់ សហការជាមួយក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្ត គឺពិនិត្យទៅលើជំងឺទូទៅ វះកាត់រោគស្ត្រី វះកាត់ភ្នែក ព្យាបាលមាត់ធ្មេញ ចាក់ម្ជុលវិទ្យាសាស្ត្រ និងចែកវ៉ែនតាជូនចាស់ៗ និងវ៉ែនតាការពារកម្ដៅថ្ងៃ ដោយពិនិត្យនៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ ចាប់ពីថ្ងៃទី១០-១៥ កុម្ភៈ, មន្ទីរពេទ្យបង្អែកសំបូរ ចាប់ពីថ្ងៃទី១១-១២ កុម្ភៈ, និងមន្ទីរពេទ្យបង្អែកឆ្លូង ចាប់ពីថ្ងៃទី១៣-១៤ កុម្ភៈ៕


