ក្រុងតាខ្មៅ៖ លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា បានប្តេជ្ញាថា នឹងចូលរួមចំណែកជាមួយរដ្ឋាភិបាលក្នុងការផ្សព្វផ្សាយអំពីអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាអាកាសយានដ្ឋានថ្មីមួយទៀតរបស់កម្ពុជា ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិឱ្យបានកាន់តែច្រើនឡើងចូលមកប្រទេសកម្ពុជា។ ប្រសាសន៍នេះ ត្រូវបានលើកឡើងក្នុងដំណើរទស្សនកិច្ចពិនិត្យគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ ខេត្តកណ្តាល នាថ្ងៃទី១០កុម្ភៈនេះ។
ក្រោយចប់ដំណើរទស្សនកិច្ចនៅអាកាសយានដ្ឋានអន្តរជាតិតេជោ នៅរសៀលថ្ងៃទី១០ ខែកុម្ភៈនេះ លោកស្រី ឆាយ ស៊ីវលីន បានមានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មានថា ដំណើរទស្សនកិច្ចនេះ មានការចូលរួមពីភ្ញៀវ និងសមាជិកនៃសមាគមទេសចរណ៍កម្ពុជា ប្រមាណជាង ២០០នាក់ ដើម្បីពិនិត្យពីវឌ្ឍនភាពអាកាសយានដ្ឋានអន្តរជាតិតេជោនេះ ខណៈគម្រោងនៃការដាក់ឱ្យដំណើរការព្រលានយន្តហោះខ្នាតយក្សមួយនេះ នឹងធ្វើឡើងនៅខែកក្កដា ឆ្នាំ២០២៥ខាងមុខនេះ។ លោកស្រី បានបន្តថា នេះគឺជាសមិទ្ធផលមួយដ៏អស្ចារ្យសម្រាប់កម្ពុជា ដែលយើងទទួលបានអាកាសយានដ្ឋានអន្តរជាតិដ៏ល្អ ដោយសារមានបច្ចេកវិទ្យាទំនើបៗនៅក្នុងនេះ។
លោកស្រីបន្ថែមថា តាមរយៈទស្សនកិច្ចសិក្សានេះ នឹងយកទៅផ្សព្វផ្សាយនៅតាមបណ្តាពិព័រណ៌ទេសចរណ៍ធំៗនៅលើពិភពលោក ជាពិសេសនៅខែមីនាខាងមុខនេះ ដែលនឹងមានបេសកកម្មនៅទីក្រុង ប៊ែរឡាំង ប្រទេសអាឡឺម៉ង់ ខាងសមាគមលោកទាវនឹងផ្តិតយករូបភាពទាំងនេះទៅបង្អួតការីទេសចរណ៍ ប្រតិបត្តិទេសចរណ៍នៅលើពិភពលោកដែលប្រមូលផ្តុំគ្នានៅក្នុងពិព័រណ៌ទេសចរណ៍ក្នុងប្រទេសអាឡឺម៉ង់។
គួរបញ្ជាក់ថា ក្រុមហ៊ុនសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងបើកដំណើរការ ដំណាក់កាលទី១ នៅក្នុងអំឡុងខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ ខណៈបច្ចុប្បន្ននេះ ការសាងសង់សម្រេចបានប្រមាណជាង៩០ភាគរយ និងចាយលុយអស់ជាង១ពាន់៣រយលានដុល្លារអាម៉េរិក៕