
សាធារណរដ្ឋហ្វីលីពីន៖ បន្ទាប់ពីចូលរួមជាអធិបតីក្នុងវេទិកាធុរកិច្ចកម្ពុជា-ហ្វីលីពីន សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តល់កិត្តិយស ជាអធិបតីភាព ក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នាលើឯកសារចំនួន ០២ រវាងសភាពាណិជ្ជកម្មកម្ពុជា ជាមួយសភាពាណិជ្ជកម្មនិងឧស្សាហកម្មហ្វីលីពីន និងសាកលវិទ្យាល័យអាស៊ីអឺរ៉ុប ជាមួយ World Citi College ។
អនុស្សរណៈយោគយល់គ្នាលើឯកសារចំនួន ០២ មានដូចជា៖ ១) អនុស្សរណៈយោគយល់រវាង សភាពាណិជ្ជកម្មកម្ពុជា និង សភាពាណិជ្ជកម្មនិងឧស្សាហកម្មហ្វីលីពីន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ។ ២) អនុស្សរណៈយោគយល់រវាងសាកលវិទ្យាល័យអាស៊ីអឺរ៉ុប និង World Citi College ដើម្បីរួមគា្នអភិវឌ្ឍវិស័យអប់រំ ជាពិសេសបង្កើតវគ្គបណ្តុះបណ្តាលលើជំនាញគិលានុបដ្ឋាយិកា។
គួរបញ្ជាក់ថា នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត បានអញ្ជើញចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីបំពេញទស្សនកិច្ចនៅប្រទេសហ្វីលីពីន ដើម្បីពូនជ្រំចំណងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងហ្វីលីពិនឱ្យកាន់តែល្អប្រសើរ។ ដំណើរទស្សនកិច្ចនេះធ្វើឡើង តបតាមការអញ្ជើញរបស់លោក Ferdinand R. Marcos Jr. ប្រធានាធិបតីហ្វីលីពីន, សម្តេច ហ៊ុន ម៉ាណែត នឹងបំពេញទស្សនកិច្ចផ្លូវការ នៅហ្វីលីពីនរយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី១០ ដល់១១ ខែកុម្ភៈ ឆ្នាំ២០២៥៕


