
ភ្នំពេញ៖ វិទ្យាល័យអង្គរ នៃខេត្តសៀមរាប បានជ័យលាភីលេខ១ «សាលាស្អាត» ក្រោមពានរង្វាន់ សម្តេចតេជោសែន ទទួលបានថវិកាចំនួន ៥លានរៀល។

ប្រភពរូបភាព៖ គេហទំព័រហ្វេសប៊ុកនៃ វិទ្យាល័យអង្គរ
បើតាមសេចក្តីជូនដំណឹងនៃ ក្រសួងអប់រំ ស្តីពី ការទទួលស្គាល់សាលាស្អាត ជ័យលាភីពានរង្វាន់តេជោសែន បានឱ្យដឹងថា វិទ្យាល័យអង្គរ ដែលមានទីតាំងស្ថិតនៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប បានជាប់ជ័យលាភីលេខ១ ជា «សាលាស្អាត» ក្រោមពានរង្វាន់តេជោសែន។ ក្នុងនាមជាជ័យលាភីលេខ១ វិទ្យាល័យអង្គរ ទទួលបានពានរង្វាន់ ព្រមទាំងថវិកាអមចំនួន ៥ ០០០ ០០០ រៀល ។

ប្រភពរូបភាព៖ គេហទំព័រហ្វេសប៊ុកនៃ វិទ្យាល័យអង្គរ
យោងតាមសេចក្តីជូនដំណឹងបានឱ្យដឹងបន្តទៀតថា វិទ្យាល័យ សម្តេច ហេង សំរិន អន្លង់ជ្រៃ ដែលស្ថិតនៅខេត្តត្បូងឃ្មុំ ទទួលបានជ័យលាភីលេខ ២ ចំណែកឯ វិទ្យាល័យល្វា ស្ថិតនៅខេត្តបាត់ដំបង ទទួលបានជ័យលាភីលេខ៣។

គួរបញ្ជាក់ផងដែរថា សេចក្តីប្រកាសពានរង្វាន់សាលាស្អាតនេះ ត្រូវបានប្រកាសអមជាមួយនឹងពានរង្វាន់ផ្សេងៗទៀតដូចជា ការទទួលស្គាល់នាយកល្អ គ្រូបង្រៀនល្អ គ្រូបង្រៀនល្អផ្នែក ភាសាខ្មែរ និងគណិតវិទ្យា ថ្នាក់ទី១ ទី២ និងទី៣៕

ប្រភពរូបភាព៖ គេហទំព័រហ្វេសប៊ុកនៃ ក្រសួងអប់រំ