681 ezgif.com resize
Swift cc time

ការព្យាករណ៍៖ «រដូវប្រាំង»ឆ្នាំនេះ កំដៅត្រជាក់ជាង២០២៤ ខណៈ«រដូវវស្សា»អាចមានខ្យល់កន្ទ្រាក់ ផ្គរ រន្ទះ ច្រើន

សង្គម
/
អ្នកយកព័ត៌មាន:
ស៊៊ុន សុខដារី
/

ភ្នំពេញ៖ អាកាសធាតុរដូវប្រាំងក្នុងឆ្នាំ២០២៥ មានភាពត្រជាក់ជាងឆ្នាំ២០២៤ និងអាចមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ដែលអាចកើតមានច្រើននៅក្នុងខែមេសា និងខែឧសភា ឆ្នាំ២០២៥។ ស្ថានភាពបែបនេះ ត្រូវបានរកឃើញតាមការព្យាករណ៍នៅលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច និងតំបន់អេក្វាទ័រ បានបង្ហាញឱ្យឃើញថា ចាប់ពីខែកុម្ភៈ ដល់ខែឧសភា បាតុភូតឡានីញ៉ានឹងថយចុះមកត្រឹម ៥០% ដោយជំនួសមកវិញនូវបាតុភូតអែនសួ (ENSO-Neutral) បានកើនឡើង៧០%។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងទី៦ ខែកុម្ភៈ ឆ្នាំ២០២៥។

នៅរដូវប្រាំង សីតុណ្ហភាពមធ្យមអប្បបរមា និងមធ្យមអតិបរមានឹងទាបជាងធម្មតា គឺទាបជាងឆ្នាំ២០២៤។ ដោយឡែក ចាប់ពីខែកុម្ភៈ ដល់ដើមខែមីនា នៅទូទាំងប្រទេសអាចមានសីតុណ្ហភាពមធ្យមអប្បបរមា ២០°C និងមធ្យមអតិបរមា ៣៧°C ដែលត្រជាក់ជាងឆ្នាំ២០២៤។

នៅក្នុងខែកុម្ភៈ និងខែមីនា អាចមានភ្លៀងតិចជាងមធ្យម ដែលអាចបណ្តាលឱ្យមានការខ្វះខាតទឹកប្រើប្រាស់នៅបណ្តាខេត្តភាគខាងជើង និងជុំវិញបឹងទន្លេសាប ដែលរួមមាន ខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ សៀមរាប កំពង់ធំ បាត់ដំបង ពោធិ៍សាត់ និងកំពង់ឆ្នាំង។ ភ្លៀងកក់ខែអាចកើតមានឡើងនៅខែមីនា ដែលមានកម្រិត ពីមធ្យមទៅច្រើន និងច្រើនជាងឆ្នាំ២០២៤ ជាមួយបាតុភូតរន្ទះ និងខ្យល់កន្ត្រាក់កើតឡើងច្រើន។ ដោយឡែក នៅតំបន់មាត់សមុទ្រ បរិមាណទឹកភ្លៀងអាចមានកម្រិតខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ។

រដូវវស្សាអាចនឹងចាប់ផ្តើមនៅក្នុងសប្តាហ៍ទី២ នៃខែឧសភា ដែលលឿនជាងឆ្នាំ២០២៤ ដោយមានសីតុណ្ហភាពមធ្យម អប្បបរមា និងមធ្យមអតិបរមា ទាបជាងមធ្យមភាគច្រើនឆ្នាំ។ បរិមាណទឹកភ្លៀងមានកម្ពស់ខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ ដោយមានពីមធ្យមទៅបង្គួរជាមួយ នឹងរបាយទឹកភ្លៀងធ្លាក់រាយប៉ាយបានល្អ ហើយបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់អាចកើតឡើងច្រើន៕


Khcct banner

អត្ថបទទាក់ទង