Cctime 6monthsfree desktop
Cc times  web banner kh (2)

ក្រសួងប្រៃសណីយ៍បង្ហាញពីគំនិតផ្តួចផ្តើម«បង្កើតសួនឌីជីថល»គាំទ្រធុរកិច្ចថ្មីឌីជីថលនិងកសាងសហគមន៍ឌីជីថល

សង្គម
/
អ្នកយកព័ត៌មាន:
ស៊៊ុន សុខដារី
/
រូបភាព៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បង្ហាញពីគំនិតផ្តួចផ្តើមក្នុងការបង្កើតសួនឌីជីថល ដោយនឹងចាប់ដៃគូជាមួយ សកលវិទ្យាល័យ និងក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ក្នុងការដើរតួនាទីជាមជ្ឈមណ្ឌលអប់រំ ដើម្បីជំរុញការអភិវឌ្ឍជំនាញឌីជីថល តាមរយះការឱកាសហ្វឹកហាត់ការងារ កម្មវិធីបណ្តុះបណ្តាល និងឱកាសការងារដោយផ្ទាល់និងពីចម្ងាយ សម្រាប់សិស្សបញ្ចប់ថ្នាក់វិទ្យាល័យ ចាប់យកជំនាញឌីជីថលក្នុងការបន្តការសិក្សានៅសាកលវិទ្យាល័យ។

លោក ហាក់ សុខហេង អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ បានឱ្យដឹងថា សួនឌីជីថលនេះ នឹងក្លាយជាច្រកចេញ-ចូលតែមួយដើម្បីគាំទ្រដល់ធុរកិច្ចថ្មីឌីជីថល, ផ្តល់ការគាំទ្រកិច្ចការរដ្ឋបាលនិងអនុលោមភាព, ផ្សារភ្ជាប់ធុរកិច្ចថ្មីឌីជីថលទៅនឹងឧស្សាហកម្ម និងការអប់រំជំនាញឌីជីថលដោយផ្សារភ្ជាប់នឹងឱកាសការងារ ព្រមទាំងជំរុញការរៀបចំហេដ្ឋារចនាសម្ព័ន្ធឌីជីថលគាំទ្រ រួមមាន មជ្ឈមណ្ឌលទិន្នន័យ និងការកសាងសហគមន៍ឌីជីថលមួយ ក្នុងការទាក់ទាញវិនិយោគិន សំដៅរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលនៅកម្ពុជា។

ក្រៅពីនេះ លោក ក៏បានលើកឡើងទៀតថា សួនឌីជីថលនេះ ក៏នឹងក្លាយជាមជ្ឈមណ្ឌលទិន្នន័យជាតិទី១ សម្រាប់បំពេញតម្រូវការទាំងវិស័យសាធារណៈនិងឯកជន, ផ្តល់សេវា Data Hosting មួយប្រកបដោយសុវត្ថិភាព ការជឿទុកចិត្ត និងតម្លៃសមរម្យ, ទីស្នាក់ការសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យា, ទាក់ទាញក្រុមហ៊ុនបច្ចេកវិទ្យាក្នុងតំបន់នឹងពិភពលោកមកដាក់ប្រតិបត្តិការនៅកម្ពុជា, ដើរតួនាទីជាច្រកទ្វារសម្រាប់ភ្ជាប់ទៅកាន់ទីផ្សារអាស៊ាន, ផ្តល់ទីកន្លែងតាំងពិព័រណ៍នូវស្នាដៃនវានុវត្តន៍ពីធុរកិច្ចថ្មីឌីជីថល មជ្ឈដ្ឋានសិក្សា អ្នកសិក្សាស្រាវជ្រាវ វិស័យឯកជន និងភ្នាក់ងាររដ្ឋាភិបាលនានា និងផ្តល់ជាទីតាំងសម្រាប់ការរៀបចំព្រឹត្តិការណ៍ជាតិ និងអន្តរជាតិនានា ដើម្បីជំរុញកិច្ចសហការ និងការចូលរួមពីសាធារណជន។

គួរបញ្ជាក់ថា គំនិតផ្តួចផ្តើមនៃការបង្កើតសួនឌីជីថលនេះ គឺបន្ទាប់ពីក្រសួងបានសិក្សាពីប្រទេសថៃ ក្នុងគម្រោង Thailand Digital Valley ស្ថិតលើទំហំដីប្រមាណ ១២ហិកតា ក្នុងខេត្តឈុនបុរី ចម្ងាយ ៨០គម ពីទីក្រុងបាងកក ដែលគម្រោងនេះ បានចាប់ផ្តើមនៅឆ្នាំ២០១៨ ដោយសម្រេចបាន៦០%។ គម្រោងនេះ បានផ្តល់ការគាំទ្រដល់ធុរកិច្ចថ្មីឌីជីថល និងរកសាងសហគមន៍ឌីជីថល និងការលើកចិត្ត ដូចជា ពន្ធសាជីវកម្ម និងពន្ធលើប្រាក់ចំណូលផ្ទាល់ខ្លួនជាដើម៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង