Cc times  web banner kh

«ភ្ញៀវទេសចរអាម៉េរិក»ឈរលេខរៀងទី១ក្នុងចំណោមជនបរទេសមកទស្សនារមណីយដ្ឋានអង្គរ ក្នុងខែមករា ឆ្នាំ២០២៥

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ក្នុងខែមករា ឆ្នាំ២០២៥នេះ ភ្ញៀវទេសចរបរទេសដែលទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរមានសរុបចំនួន ១៤៦,១៤០ នាក់ កើនឡើង២៦.៤៩ ភាគរយ បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ ក្នុងនោះភ្ញៀវទេសចរអាម៉េរិក ឈរលំដាប់លេខរៀងទី១ ក្នុងការមកទស្សនារមណីយដ្ឋានអង្គរ ដែលមានចំនួន ១៦,៧៩០ នាក់ កើនឡើង ២៨.១៧ ភាគរយ បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។

របាយការណ៍របស់គ្រឹះស្ថានអង្គរ ផ្ដល់មកកាន់ ស៊ីស៊ីថាមស៍ បានគូសបញ្ជាក់ថា ភ្ញៀវទេសចរបរទេសដែលបានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរច្រើនជាងគេមានដូចជា៖ សហរដ្ឋអាម៉េរិក ១៦,៧៩០ នាក់, កូរ៉េខាងត្បូង ១៤,៦២២ នាក់, ចិន ១៤,៤៩១ នាក់, បារាំង ១២,៩៧៤ នាក់, អង់គ្លេស ១០,៥៥៨ នាក់។

គួរបញ្ជាក់ថា ក្នុងឆ្នាំ២០២៤ ភ្ញៀវទេសចរទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ គឺមានចំនួនសរុប ១,០២៣,៦៨៨ នាក់ ដោយគិតជាទឹកប្រាក់មានចំនួន ៤៧,៨២៦,៩៨១ ដុល្លារ កើនឡើង ១២៨.៥៧% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ ចំណូលបានច្រើនជាងគេពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ គឺស្ថិតក្នុង ខែវិច្ឆិកា អាចរកចំណូលបានរហូតដល់ ៥,៩២០,៨៧២ ដុល្លារ បន្ទាប់មកគឺខែធ្នូ ទទួលបានទឹកប្រាក់ចំនួន ៥,៩១៨,១៤៨ ដុល្លារ បន្ទាប់មកគឺខែផ្សេងៗទៀត ទទួលបានទឹកប្រាក់ចំនួន ៥,៧៣៦,៦២១ ដុល្លារ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង