
ភ្នំពេញ៖ មន្ត្រីជំនាញនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ២០២៥ បានចាប់ផ្តើមតម្លើង«របាំងដែកទ្រូងផ្លូវ និងតម្លើងរបាំងបេតុងទ្រូងផ្លូវ»នៅមហាវិថី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (ផ្លូវ ៦០ម៉ែត្រ) ដើម្បីការពារសុវត្ថិភាពលើដងផ្លូវ និង គ្រោះថ្នាក់ចរាចរណ៍។ជាវិធានការ ធ្វើឡើងក្រោយពីមួយរយៈចុងក្រោយនេះ ផ្លូវ៦០ម៉ែត្រ មាននូវហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ច្រើន ហើយមហាជនទទួចឱ្យអាជ្ញាធររៀបចំទ្រូងផ្លូវ ដើម្បីសុវត្តិភាព។

បន្ទាប់ពីមានបទបញ្ជាអនុញ្ញាតពីសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃនេះ ផ្លូវ៦០ម៉ែត្រ ចុងក្រោយហៅថាផ្លូវមរណ ត្រូវបាន មន្ត្រីជំនាញនៃមន្ទីរសាធារណការ ចាប់ផ្តើមតម្លើងរបាំងចែកទ្រូងផ្លូវ ដោយមានការបែងចែកជាពីរដំណាក់កាល រួមមាន ដំណាក់កាលទី១-តម្លើងរបាំងដែកទ្រូងផ្លូវ ចាប់ពីស្ពានអាកាសមរតកតេជោ ដល់ភ្លើងស្តុបប្រសព្វមហាវិថីអ្នកឧកញ៉ាមហាភក្តីសប្បរសភោគាធិបតី ហ៊ុន នាង។

កំណាត់ផ្លូវនេះ កំណត់ល្បឿនអតិបរមា ៤០ គ.ម/ម៉ោង ។ ដំណាក់កាលទី២-តម្លើងរបាំងបេតុងទ្រូងផ្លូវ ចាប់ពីមហាវិថីអ្នកឧកញ៉ាមហាភក្តីសប្បរសភោគាធិបតី ហ៊ុន នាង ដល់ផ្លូវជាតិលេខ ២ ។ កំណាត់ផ្លូវនេះ កំណត់ល្បឿនអតិបរមា ៦០ គ.ម/ម៉ោង ។
ជាមួយគ្នានេះ មហាវិថីនេះ ក៏បានអ៊ុតគំនូសចរាចរ ដោយគូសគំនូសបែកចែកគន្លងរថយន្ត គន្លងទោចក្រយានយន្ត ព្រមទាំងតម្លើងស្លាកសញ្ញាចរាចរបន្ថែម ដើម្បីសម្រួលដល់ការបើកបររបស់ប្រជាពលរដ្ឋ។តាមរយៈរៀបចំរបស់អាជ្ញាធរនេះ ទទួលបានការសាទរពីប្រជាពលរដ្ឋ ក្រោយផ្លូវ ៦០ ម៉ែត្រនេះ ជួបគ្រោះថ្នាក់ចរាចរណ៍ច្រើននៅពេលចុងក្រោយនេះ៕



