
ភ្នំពេញ៖ រដ្ឋាភិបាលប្រទេសចិន នៅថ្ងៃទី ៥ កុម្ភៈនេះ បានប្រកាសបន្តផ្តល់ជំនួយឥតសំណងប្រមាណចំនួន ៤ ៤០០ ០០០ដុល្លារ សម្រាប់រយៈពេល១២ខែ (០១ មីនា ២០២៥-២៩ កុម្ភៈ ២០២៦) ដោយគាំទ្រកិច្ចប្រតិបត្តិការបោះសម្អាតមីនក្នុងខេត្តចំនួន៧ នៃប្រទេសកម្ពុជា។នេះបើយោងតាមលោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (CMAC)។
ខេត្តទាំង៧ដែលចិនសម្រេចបន្តគាំទ្រថវិកានោះមានជាអាទិ៍ ខេត្តកំពង់ធំ សៀមរាប ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង និងខេត្តក្រចេះ ព្រមទាំងមណ្ឌលសុនខស្ថិត នៅខេត្តកំពង់ឆ្នាំង។ នៅគម្រោងនេះ គាំទ្រអ្នកជំនាញបច្ចេកទេសជាង ៤០០នាក់របស់អង្គភាព CMAC និង ត្រូវអនុវត្តកិច្ចប្រតិបត្តិការសកម្មភាពសំខាន់ៗមួយចំនួន។
បើតាមលោក ហេង រតនា ជំនួយរបស់ចិនប្រមាណជាង៤លានដុល្លារនេះ នឹងសម្អាតផ្ទៃដីដែលមានបញ្ហាគ្រាប់មីន និង សំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះសង្រ្គាម ចំនួនជាង៣.៤០០ហិកតា។ ការស្រាវជ្រាវព័ត៌មានសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះសង្ក្រាមនិងគ្រាប់បែកចង្កោម តាមខេត្តគោលដៅ។ពង្រឹងសមត្ថភាពវិទ្យាស្ថានបច្ចេកទេសសុនខ។ ពង្រឹងសមត្ថភាពថ្នាក់ក្រោមជាតិលើការអប់រំគ្រោះថ្នាក់ដោយសារមីន និងសង្គ្រោះជនពិការដោយសារមីន។
គួរបញ្ជាក់ថា គម្រោងជំនួយឥតសំណងរបស់ប្រជាជន និង រដ្ឋាភិបាលចិនក្នុងឆ្នាំ២០២៥នេះ ជាជំនួយឆ្នាំទី៣នៃដំណាក់កាលទី៣ (មីនា ឆ្នាំ២០២៣ ដល់កុម្ភៈ ឆ្នំា២០២៦) ដែលមានកញ្ចប់ថវិកាសរុបចំនួន ១៣.២០០.០០០ ដុល្លារ។គិតចាប់ពីឆ្នាំ២០១៨ មកដល់ត្រឹមខែធ្នូ ឆ្នាំ២០២៤ គម្រោងនេះ អង្គភាពCMACសម្រេចបាននូវលទ្ធផលរំដោះផ្ទៃដីសរុបចំនួនជាង១៥.០៦០ ហិកតា រកឃើញគ្រាប់មីន និងយុទ្ធភណ្ឌសំណល់សង្រ្គាមសរុបចំនួន ៨២.៨៤៤ គ្រាប់។ អប់រំផ្សព្វផ្សាយអំពីគ្រោះដោយសារគ្រាប់មីន និង យុទ្ធភណ្ឌមិនទាន់ផ្ទុះដល់ប្រជាពលរដ្ឋសរុបចំនួនជាង១.៨៦៦.៧០០នាក់ ផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋផ្ទាល់និងប្រយោលសរុបចំនួនជាង ២.៤៨៥.៣០០នាក់៕