![](https://cdn.cc-times.com/kh.cc-times.com/media/58921/large/475840585_1058907256267540_8181404436490492856_n.jpg?1738815978)
ភ្នំពេញ៖ អគ្គកុងស៊ុលកិត្តិយសចំនួន៩ នៃបណ្ដាប្រទេសក្នុងសហភាពអឺរ៉ុប (European Union – EU) បានបង្ហាញអារម្មណ៍កក់ក្តៅ និងសុទិដ្ឋិនិយមកាន់តែខ្ពស់ក្នុងការផ្សព្វផ្សាយ និងទាក់ទាញវិនិយោគិនពីប្រទេសរបស់ខ្លួន ឱ្យងាកមកពិចារណា និងពិនិត្យលទ្ធភាពក្នុងការដាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា ឱ្យបានកាន់តែច្រើនបន្ថែមទៀត ខណៈរាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់លើការធ្វើពាណិជ្ជកម្ម និងការវិនិយោគពីវិស័យឯកជន ក៏ដូចជាសក្តានុពលនានារបស់កម្ពុជា។
គោលបំណងនេះ ត្រូវបានបង្ហាញឡើងក្នុងកិច្ចពិភាក្សាការងាររវាងលោក ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយគណៈប្រតិភូកុងស៊ុលកិត្តិយស នៃបណ្តាប្រទេសក្នុងសហភាពអឺរ៉ុប ដឹកនាំដោយលោក Salah Essa អគ្គកុងស៊ុលកិត្តិយស នៃសាធារណរដ្ឋស៊ីប ប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥។
នាឱកាសនេះ លោក ស៊ុន ចាន់ថុល បានលើកឡើងអំពីកំណើននៃគម្រោងវិនិយោគដែលគួរឱ្យកត់សម្គាល់ក្នុងកំណត់ត្រាគម្រោងវិនិយោគដែលបានអនុម័ត ក្នុងប្រវត្តិនៃប្រតិបត្តិការការងាររបស់ ក.អ.ក. កន្លងមក រួមមាន គម្រោងវិនិយោគដែលបានអនុម័តក្នុងឆ្នាំ២០២៤ សរុបចំនួន ៤១៤គម្រោង និងគម្រោងវិនិយោគដែលបានអនុម័តក្នុងខែមករា ដើមឆ្នាំ២០២៥ សរុបចំនួន ៦៨គម្រោង ផងដែរ។
![](https://cdn.cc-times.com/kh.cc-times.com/media/58922/large/476218211_1058907789600820_3235146930929421476_n.jpg?1738815990)
លោកបន្ថែមថា នៅរៀងរាល់ ៦ខែម្ដង ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តែងតែរៀបចំកិច្ចប្រជុំពិភាក្សាលើបញ្ហាកង្វល់ផ្សេងៗជាមួយសមាគមធុរកិច្ចជប៉ុន សភាពាណិជ្ជកម្មអាម៉េរិក សភាពាណិជ្ជកម្មអឺរ៉ុប សមាគមធុរកិច្ចកូរ៉េ ដើម្បីស្វែងរកដំណោះស្រាយដោយមានរូបឯកឧត្តមផ្ទាល់ ជាសហប្រធាន រួមជាមួយ ឯកឧត្តមឯកអគ្គរាជទូត/ឯកអគ្គរដ្ឋទូតប្រចាំប្រទេសកម្ពុជា ដោយមានការចូលរួមពីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ និងតំណាងវិស័យឯកជនរបស់ប្រទេសនីមួយៗផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ លោកក៏បានលើកឡើងពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធមិនឈប់ឈរ ទាំងផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស និងផ្លូវដែក ដែលសុទ្ធសឹងជាកត្តាសំខាន់ៗក្នុងការជម្រុញការធ្វើពាណិជ្ជកម្ម និងការវិនិយោគរបស់ផ្នែកឯកជនឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។
គណៈប្រតិភូអគ្គកុងស៊ុលកិត្តិយសដែលមានវត្តមាននាឱកាសនេះ បានលើកឡើងអំពីភាពជោគជ័យរបស់វិនិយោគិនពីប្រទេសរបស់ខ្លួន ដែលបានសម្រេចចិត្តមកដាក់ទុនវិនិយោគនៅកម្ពុជា ដើម្បីផ្គត់ផ្គង់ទីផ្សារនៅក្នុងតំបន់ផងដែរ។ ដោយមើលឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលលើការធ្វើពាណិជ្ជកម្ម និងការវិនិយោគពីវិស័យឯកជន ក៏ដូចជាសក្តានុពលនានារបស់កម្ពុជា គណៈប្រតិភូបានបង្ហាញអារម្មណ៍កក់ក្តៅ និងសុទិដ្ឋិនិយមកាន់តែខ្ពស់ និងសម្តែងនូវចេតនាក្នុងការផ្សព្វផ្សាយ និងទាក់ទាញវិនិយោគិនពីប្រទេសរបស់ខ្លួន ឱ្យងាកមកពិចារណា និងពិនិត្យលទ្ធភាពក្នុងការដាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា ឱ្យបានកាន់តែច្រើនបន្ថែមទៀត។
![](https://cdn.cc-times.com/kh.cc-times.com/media/58923/large/476034535_1058907619600837_5172976231384519369_n.jpg?1738816033)
គួរបញ្ជាក់ថា សមាសភាពគណៈប្រតិភូអគ្គកុងស៊ុលកិត្តិយស នៃបណ្តាប្រទេសក្នុងសហភាពអឺរ៉ុប ដែលមានវត្តមានក្នុងជំនួបនាព្រឹកនេះរួមមាន៖ លោក Aurelio Flacco អគ្គកុងស៊ុលកិត្តិយស នៃសាធារណរដ្ឋអ៊ីតាលីប្រចាំនៅកម្ពុជា, លោកស្រី Kim Tol Tan អគ្គកុងស៊ុលកិត្តិយស នៃព្រះរាជាណាចក្រស៊ុយអែតប្រចាំនៅកម្ពុជា, លោក Markus Gridling អគ្គកុងស៊ុលកិត្តិយស នៃសាធារណរដ្ឋអូទ្រីសប្រចាំនៅកម្ពុជា, លោក Thierry Da អគ្គកុងស៊ុលកិត្តិយស នៃព្រះរាជាណាចក្រប៊ែលហ្សិកប្រចាំនៅកម្ពុជា, លោក Kjeld Olsen អគ្គកុងស៊ុលកិត្តិយស នៃព្រះរាជាណាចក្រដាណឺម៉ាកប្រចាំនៅកម្ពុជា, លោក Savin Mao អគ្គកុងស៊ុលកិត្តិយស នៃព្រះរាជាណាចក្រន័រវ៉េសប្រចាំនៅកម្ពុជា, លោក Frederico Javier Sola Marti អគ្គកុងស៊ុលកិត្តិយស នៃព្រះរាជាណាចក្រអេស្ប៉ាញប្រចាំនៅកម្ពុជា, និង លោក Andrew J. Booth OBE អគ្គកុងស៊ុលកិត្តិយស នៃចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា៕
![](https://cdn.cc-times.com/kh.cc-times.com/media/58924/large/476381620_1058907732934159_134899020449291629_n.jpg?1738816058)
![](https://cdn.cc-times.com/kh.cc-times.com/media/58925/large/476159030_1058908066267459_539253647661419108_n.jpg?1738816067)
![](https://cdn.cc-times.com/kh.cc-times.com/media/58926/large/475877291_1058908462934086_3431648727889508322_n.jpg?1738816076)