
ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុនផ្តល់ជំនួយឥតសំណងដល់អង្គការសកម្មភាពកំចាត់មីនជប៉ុន(JMAS) ១,៣០២,៥៣៩លានដុល្លារ សម្រាប់គម្រោងបោសសម្អាតមីន និងគ្រាប់បែកចង្កោម នៅខេត្តបន្ទាយមានជ័យ និងស្ទឹងត្រែង ដើម្បីលើកកម្ពស់សុវត្ថិភាពប្រជាជន និងគុណភាពជីវិតរបស់ប្រជាជនដែលរស់នៅក្នុងទីតាំង។ ការធ្វើឡើងនេះ ក្នុងពិធីចុះហត្ថលេខាផ្តល់ជំនួយឥតសំណង រវាងលោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងអ្នកតំណាងអង្គការ នាថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥។
រដ្ឋាភិបាលជប៉ុន ផ្តល់ថវិកាសរុបចំនួន ១,៣០២,៥៣៩ ដុល្លារ ដល់អង្គការសកម្មភាពកំចាត់មីនជប៉ុន (JMAS) ក្នុងការអនុវត្តគម្រោងចំនួន២ ដោយថវិកាជាង ៦៥ម៉ឺនដុល្លារ ផ្តល់សម្រាប់គម្រោងបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន១០០ហិកតា នៅខេត្តបន្ទាយមានជ័យ និងបោសសម្អាតគ្រាប់បែកចង្កោមនៅខេត្តស្ទឹងត្រែងចំនួន ២៤០ហិកតា ដោយថវិកាជាង ៦៤ម៉ឺនដុល្លារ។
គម្រោងទាំងនេះ នឹងផ្តល់ការអប់រំអំពីការបញ្ជៀសពីហានិភ័យនៃគ្រាប់មីន បណ្តុះបណ្តាលកសិករអំពីការ គ្រប់គ្រង និងបច្ចេកវិទ្យាកសិកម្ម និងបង្រៀនកសិករអំពីបច្ចេកទេសដាំដុះស្រូវ និងបង្កើតកសិដ្ឋានគំរូនៅលើទីតាំងដីដែលបោសសម្អាតមីនរួចរាល់។

គូរបញ្ជាក់ថា ជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជាក្នុងឆ្នាំ ២០០២ ដើម្បីគាំទ្រដល់សកម្មភាពរបស់អង្គការក្រៅរដ្ឋាភិបាលជប៉ុន ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីជួយដល់ការអភិវឌ្ឍ និងស្ថាបនាប្រទេសកម្ពុជាឡើងវិញនៅកម្រិតមូលដ្ឋាន។ ចាប់តាំងពីឆ្នាំ២០០២មក រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកាជាង៦០លាន ដុល្លារអាម៉េរិក ដល់គម្រោងចំនួន១៦០ ដែលផ្ដោតសំខាន់ទៅលើវិស័យអប់រំនៅកម្រិតបឋមសិក្សា វិស័យសុខាភិបាល វិស័យកសិកម្ម និងសកម្មភាពបោសសម្អាតមីនក្នុងប្រទេសកម្ពុជា៕


