ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានលើកឡើងកាលពីថ្ងៃទី៤ ខែកុម្ភៈ ថា ក្នុងនាមជាធនាគារបម្រើគោលនយោបាយរបស់រាជរដ្ឋាភិបាល ARDB បានប្រើប្រាស់ហិរញ្ញប្បទាន បង្កើតឲ្យមានការរីកចម្រើន និងមានប្រសិទ្ធភាពខ្ពស់ សម្រាប់ជួយវិស័យកសិកម្ម។ ពោលដោយការពិនិត្យមើលទំហំផលិតកម្មស្រូវ និងតម្លៃស្រូវ មានភាពកើនឡើងបន្តបន្ទាប់គ្នាដោយកើនពី៩លានតោននៅឆ្នាំ២០១៦ ដល់ជាង១៣លានតោន នៅឆ្នាំ២០២៤។
លោកបានបន្តថា ផលិតកម្មស្រូវដែលជាកំណើនយ៉ាងគំហុកផងដែរ ក្នុងរយ:ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បង្ហាញថា ទុនពិសេសដែលញ្ចេញដើម្បីស្ថិរភាពថ្លៃ និងលំនឹងជីវភាពរបស់ប្រជាកសិករ ពិតជាមានប្រសិទ្ធភាពខ្ពស់ ព្រោះថា ប្រសិនបើតម្លៃស្រូវមិនមានស្ថិរភាព ឬចុះថោកនោះកសិករខ្មែរនឹងមិនបង្កើនការផលិតច្រើនឡើងៗពីមួយឆ្នាំទៅមួយឆ្នាំនោះទេ។
លោកបានសង្កត់ធ្ងន់ថា «ប្រសិនស្រូវមានតម្លៃថោក ហើយលក់មិនដាច់ច្បាស់ណាស់កសិករនឹងឈប់ធ្វើស្រែ ហើយទៅស្វែងរកការងារធ្វើ នៅទីក្រុង ឬក្រៅប្រទេស ជាក់ជាមិនខាន ហើយផលិតកម្មស្រូវនឹងថយចុះពីជាង៩លានតោនក្នុងឆ្នាំ២០១៦ មកនៅក្រោម៩តោនក្នុងពេលបច្ចុប្បន្នជាមិនខាននោះ នេះជាភាពឡូហ្សិច(Logic)»។
បន្ថែមពីនេះ លោកបណ្ឌិត បានគូសបញ្ជាក់ថា ការកើនឡើងនៃផលិតកម្មស្រូវនេះគឺទី១៖ មានការអភិវឌ្ឍនៅក្នុងវិស័យកសិកម្ម និងទី២៖ កសិករធ្វើស្រែបានចំណេញច្រើនជាងមុនទើបជំរុញឲ្យកសិករបន្តខិតខំប្រឹងប្រែងនាំគ្នាធ្វើដែលនាំឲ្យផលិតកម្មស្រូវបានកើនឡើង៕