ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអនុញ្ញាតឱ្យក្រុមហ៊ុន លីហ្វ៊ូដ ធ្វើបទបង្ហាញអំពីគម្រោងក្នុងការវិនិយោគបង្កើតរោងចក្រផលិតសាច់មាន់នៅកម្ពុជា ខណៈក្រុមហ៊ុនមួយនេះជាក្រុមហ៊ុនដែលនាំមុខគេមួយក្នុងចំណោមក្រុមហ៊ុនធំៗដែលនាំចូល និងចែកចាយក្នុងវិស័យម្ហូបអាហារ ពិសេសបានបើកដំណើរការតាំងពីឆ្នាំ ២០១០។
នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអនុញ្ញាតឱ្យ ឧកញ៉ា ច័ន្ទ តារា អគ្គនាយកក្រុមហ៊ុន លីហ្វ៊ូដ និង លោក ហ្គារេត តាន់ នាយកគ្រប់គ្រងទូទៅ (Mr. Gareth Tan, Managing Director of Lee's Food Service Ltd.) ព្រមទាំងសហការី បានចូលជួបសម្តែងការគួរសម និងធ្វើបទបង្ហាញអំពីគម្រោងក្នុងការវិនិយោគបង្កើតរោងចក្រកែច្នៃសាច់មាន់នៅកម្ពុជា។
នាឱកាសនេះដែរ លោកបណ្ឌិត កៅ ថាច ក៏បានធ្វើការផ្លាស់ប្តូរយោបល់និងផ្តល់នូវអនុសាសន៍មួយចំនួនដល់ ថ្នាក់ដឹកនាំក្រុមហ៊ុន លីហ្វ៊ូដ ជាពិសេសគឺអោយក្រុមហ៊ុនធ្វើយ៉ាងណាដើម្បីសហការផលិតជាមួយកសិដ្ឋានចិញ្ចឹមមាន់ក្នុងស្រុក និងផ្គត់ផ្គង់ជូនប្រជាពលរដ្ឋកម្ពុជានូវសាច់មាន់ដែលប្រកបដោយគុណភាព អនាម័យ និងតម្លៃសមរម្យដែលអាចធ្វើទៅបាន ថែមទាំងអាចប្រកួតប្រជែងជាមួយប្រទេសជិតខាង ស្របតាមចក្ខុវិស័យរបស់ធនាគារ ARDB និងក្រោមគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលផ្តោតសំខាន់ក្នុងការលើកកម្ពស់ផលិតផលកសិកម្ម៕