កំពង់ចាម៖ គម្រោងពង្រីក និងលើកកម្ពស់កម្រិតផ្លូវជាតិលេខ៧ ជាបួនគន្លង «ស្គន់-កំពង់ចាម» គិតមកដល់ដើមឆ្នាំ២០២៥នេះ បានសម្រេចប្រមាណជាង៣០%ហើយ។
លោក សុខ លឹមហៀង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម បានឲ្យដឹងថា គិតត្រឹមថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ គម្រោងពង្រីកលើកកម្ពស់កម្រិតគុណភាព ផ្លូវជាតិលេខ៧ ជាបួនគន្លង«ស្គន់-កំពង់ចាម» ចំណុចចាប់ផ្ដើមពីរង្វង់មូលស្គន់ ស្រុកជើងព្រៃ និងចំណុចបញ្ចប់នៅរង្វង់មូលស្ពានគីហ្សូណា ក្រុងកំពង់ចាម មានប្រវែងសរុបជាង ៤៥ គីឡូម៉ែត្រ។ លោកប្រធានមន្ទីរ បានបន្ថែមទៀតថា គិតដើមខែកុម្ភៈ ឆ្នាំ២០២៥នេះ ក្រុមការងារនៃក្រុមហ៊ុនCRBC បានស្ថាបនាបានសម្រេចប្រមាណជាង៣០% ខណៈ តំបន់ខ្លះត្រូវបានចាក់កៅស៊ូកិនជាបណ្តើរៗហើយ។
ទន្ទឹមនឹងនេះ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម ក៏បានអំពាវនាវដល់អាជ្ញាធរ មូលដ្ឋាន រួមនឹងប្រជាពលរដ្ឋ ដែលរស់នៅក្នុងអមសងខាងផ្លូវជាតិលេខ៧នេះ ចូលរួមសហការគ្នា និងមេត្តាយោគយល់ អធ្យាស្រ័យ ចំពោះ ក្រុមហ៊ុនដែលស្ថាបនាពង្រីកលើកកម្ពស់កម្រិតគុណភាព ផ្លូវជាតិលេខ៧ ជាបួនគន្លងនេះ ពោលគឺធ្វើយ៉ាងណា ដើម្បីពន្លឿនការងារមួយនេះ ឲ្យលឿនតាមគម្រោង ដើម្បីផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់ការធ្វើដំណើរ និងរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋក្នុងនាពេលអនាគត៕