ភ្នំពេញ៖ ចោរព័ត៌មានវិទ្យា(Hacker) អាចចូលប្រើទូរសព្ទរបស់អ្នកតាមវិធីជាច្រើន ដើម្បីការពារខ្លួន អ្នកត្រូវយល់ពីហានិភ័យ ដើម្បីត្រៀមប្រុងប្រយ័ត្ន។ ទូរសព្ទរបស់អ្នកមានព័ត៌មានសម្ងាត់ផ្ទាល់ខ្លួនដ៏មានតម្លៃ ដែលធ្វើឱ្យអ្នកក្លាយជាគោលដៅ សម្រាប់ចោរលួចអត្តសញ្ញាណ។ ដើម្បីការពារឧបករណ៍របស់អ្នក ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានក្រើនរំលឹកដល់ប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ទាំងអស់ត្រូវបង្ការនិងមានការប្រុងប្រយ័ត្នខ្ពស់។
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឲ្យដឹងថា ការក្លែងបន្លំ (Phishing) ចោរព័ត៌មានវិទ្យាវាយប្រហារអ្នកដោយផ្ញើសារអីមែលក្លែងបន្លំដែលមើលទៅដូច ជាសារអីមែលត្រឹមត្រូវមួយដែលជារឿយៗសារអ៊ីម៉ែលនោះមើលទៅហាក់ដូចជា មកពីប្រភពដែលទុកចិត្តបាន ប៉ុន្តែវាមានបំណងបញ្ឆោតអ្នកឱ្យចែករំលែកនូវ ព័ត៌មានផ្ទាល់ខ្លួន ព័ត៍មានហិរញ្ញវត្ថុ ឬការចុចលើតំណភ្ជាប់ដែលមានមេរោគ។
ក្រសួង បានបញ្ជាក់ថា ចំពោះមេរោគ (Malware)សំដៅទៅលើមេរោគ ដែលអាចជា viruses, spyware និងកម្មវិធីផ្សេងៗទៀត ដែលត្រូវបានតំឡើងនៅលើឧបករណ៍ឌីជីថលរបស់អ្នកដោយពុំដឹងខ្លួន ឬគ្មានការ យល់ព្រម ដែលកម្មវិធីទាំងនេះអាចធ្វើឱ្យឧបករណ៍ឌីជីថលរបស់អ្នកគាំង បង្ហាញ នូវការផ្សព្វផ្សាយពាណិជ្ជកម្មផ្សេងៗ និងអាចត្រូវបានគេប្រើដើម្បីតាមដាន និង គ្រប់គ្រងសកម្មភាពរបស់អ្នកនៅលើអ៊ីនធឺណិត ព្រមទាំងអាចប្រើអត្តសញ្ញាណ អ្នកដើម្បីលួចបន្លំ ឬបោកប្រាស់បុគ្គលផ្សេងៗដោយអ្នកមិនបានដឹងខ្លួនផងដែរ។
ជាមួយគ្នានោះ ការវាយប្រហារតាមអ៊ីនធឺណិតបែបវិស្វកម្មសង្គម Social Engineering គឺជាវិធីសាស្ត្រវាយប្រហារបោកបញ្ឆោតមនុស្ស ឬធ្វើឱ្យគេ ទុកចិត្តដើម្បីទាញយកនូវព័ត៌មានសំខាន់ផ្សេងៗរបស់ជនរងគ្រោះ។ ប្រភេទនៃព័ត៍មាន ដែលចោរព័ត៌មានវិទ្យាទាំងនេះត្រូវការគឺពួកគេនឹងកំណត់ជាមុខសញ្ញា ហើយតែងតែ ព្យាយាមបញ្ឆោតអ្នក ឱ្យផ្តល់នូវពាក្យសម្ងាត់ ព័ត៍មានគណនីធនាគារ ឬព័ត៍មានចូល ប្រើប្រាស់ឧបករណ៍ឌីជីថលរបស់អ្នកដើម្បីពួកគេដំឡើងកម្មវិធីមេរោគដែលអាចទាញ យកនូវអ្វីៗទាំងអស់ចេញពីឧបករណ៍ឌីជីថលអ្នក៕