Cctime 6monthsfree desktop
Cc times  web banner kh (2)

«ក្រុមហ៊ុនកែច្នៃចំណីអាហារ»របស់ប្រទេសប៉ូឡូញគ្រោងបង្កើតរោងចក្រកែច្នៃចំណីអាហារនៅកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា)

ភ្នំពេញ៖ គណៈប្រតិភូក្រុមហ៊ុនកែច្នៃចំណីអាហាររបស់ប្រទេសប៉ូឡូញ LipCo Foods បានបង្ហាញពីផែនការរបស់ខ្លួន ក្នុងការបង្កើតរោងចក្រកែច្នៃចំណីអាហារនៅក្នុងប្រទេសកម្ពុជា ដើម្បីផ្គត់ផ្គង់ទីផ្សារនៅក្នុងតំបន់ ខណៈក្រុមហ៊ុនមួយនេះធ្លាប់ទទួលបានជោគជ័យក្នុងផលិតកម្មកែច្នៃចំណីអាហារដើម្បីផ្គត់ផ្គង់នៅក្នុងទីផ្សារអឺរ៉ុប។ ផែនការនេះត្រូវបានបង្ហាញឡើងនៅក្នុងកិច្ចពិភាក្សាការងារជាមួយលោក ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥។

លោក ស៊ុន ចាន់ថុល បានលើកឡើងអំពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាចំពោះវិស័យឯកជន ដែលបានចាត់ទុកវិស័យនេះជាម៉ាស៊ីនដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។ ជាក់ស្ដែង ប្រមុខរាជរដ្ឋាភិបាលតែងតែអនុញ្ញាតឱ្យមានការរៀបចំវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដើម្បីបើកឱកាសឱ្យវិនិយោគិនឯកជន បានលើកឡើងពីបញ្ហានានា និងឈានទៅដល់ការដោះស្រាយផ្ទាល់នៅក្នុងវេទិកានេះតែម្តង។

លោកបានបន្តថា បន្ថែមពីលើយន្តការដ៏មានប្រសិទ្ធភាពខាងលើ នៅរៀងរាល់ ៦ខែម្ដង ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តែងតែរៀបចំកិច្ចប្រជុំពិភាក្សាលើបញ្ហាកង្វល់ផ្សេងៗជាមួយសមាគមធុរកិច្ចជប៉ុន សភាពាណិជ្ជកម្មអាម៉េរិក សភាពាណិជ្ជកម្មអ៉ឺរ៉ុប សមាគមធុរកិច្ចកូរ៉េ ដើម្បីស្វែងរកដំណោះស្រាយដោយមានរូបឯកឧត្តមផ្ទាល់ ជាសហប្រធាន រួមជាមួយ ឯកឧត្តមឯកអគ្គរាជទូត/ឯកអគ្គរដ្ឋទូតប្រចាំប្រទេសកម្ពុជា ដោយមានការចូលរួមពីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ និងតំណាងវិស័យឯកជនរបស់ប្រទេសនីមួយៗផងដែរ។

លោក CÉSAR LIPKA នាយកប្រតិបត្តិក្រុមហ៊ុន LipCo Foods បានសម្ដែងនូវចាប់អារម្មណ៍ជាខ្លាំងលើការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សរបស់ប្រទេសកម្ពុជា និងបានលើកឡើងអំពីបទពិសោធន៍ជោគជ័យរបស់ក្រុមហ៊ុនខ្លួន ក្នុងផលិតកម្មកែច្នៃចំណីអាហារដើម្បីផ្គត់ផ្គង់នៅក្នុងទីផ្សារអឺរ៉ុប ដោយបានបញ្ជាក់អំពីភូមិសាស្រ្តប្រទេសប៉ូឡូញ ដែលសម្បូរទៅដោយភោគផលធម្មជាតិ និងផលិតផលកសិកម្មទ្រង់ទ្រាយធំ ដូចជា ការចិញ្ចឹមជ្រូកយកសាច់ និងការដាំដំណាំផ្លែប៉ោមជាដើម។

ទន្ទឹមនឹងនេះ គណៈប្រតិភូក្រុមហ៊ុនក៏បានបង្ហាញពីផែនការរបស់ខ្លួន ក្នុងការបង្កើតរោងចក្រកែច្នៃចំណីអាហារនៅក្នុងប្រទេសកម្ពុជា ដើម្បីផ្គត់ផ្គង់ទីផ្សារនៅក្នុងតំបន់ផងដែរ។ ដោយមើលឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់ រាជរដ្ឋាភិបាលកម្ពុជា លើការធ្វើពាណិជ្ជកម្ម និងការវិនិយោគពីវិស័យឯកជន ក៏ដូចជាសក្តានុពលនានារបស់កម្ពុជា លោកនាយកប្រតិបត្តិបានបង្ហាញអារម្មណ៍កក់ក្តៅ និងសុទិដ្ឋិនិយមកាន់តែខ្ពស់ និងសម្តែងនូវចេតនាក្នុងការពន្លឿនផែនការវិនិយោគរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា សំដៅធ្វើឱ្យលេចចេញជារូបរាងកាន់តែឆាប់រហ័ស៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង