Cctime 6monthsfree desktop
Cc times  web banner kh (2)

CMAC ផ្អាកដោះមីននៅខេត្តចំនួន៨បណ្ដោះអាសន្ន ក្រោយអាម៉េរិកផ្អាកផ្ដល់ជំនួយ

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(CMAC) បានចេញសេចក្ដីជូនដំណឹងដល់អាជ្ញាធរនិងប្រជាពលរដ្ឋតាមមូលដ្ឋាននៃខេត្តចំនួន៨ អំពីការផ្អាកកិច្ចប្រតិបត្តិការដោះមីនបណ្តោះអាសន្នរយៈពេល៨៥ថ្ងៃគិតពីថ្ងៃទី២៥ខែមករា ឆ្នាំ២០២៥តទៅ ក្រោយសហរដ្ឋអាម៉េរិកផ្អាកផ្ដល់ជំនួយ។

បើតាមលោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់(CMAC) បានឲ្យដឹងថា លោកក្នុងនាមអង្គភាពសុីម៉ាក់ មានសេចក្តីសោកស្តាយជូនដំណឹងដល់អាជ្ញាធរនិងប្រជាពលរដ្ឋតាមមូលដ្ឋាននៃខេត្តកំពង់ចាម ក្រចេះ មណ្ឌលគីរី រតនគីរី ស្ទឹងត្រែង ត្បូងឃ្មុំ ស្វាយរៀង និងខេត្តព្រៃវែង មេត្តាជ្រាបថា កម្លាំងអង្គភាពសុីម៉ាក់កំពុងប្រតិបតិ្តការប្រចាំទិសខេត្តទាំងលេីនេះ ត្រូវផ្អាកកិច្ចប្រតិបត្តិការបណ្តោះអាសន្នរយៈពេល៨៥ថ្ងៃគិតពីថ្ងៃទី២៥ខែមករា ឆ្នាំ២០២៥តទៅរហូតដល់មានការជូនដំណឹងជាថ្មី។

លោក បានបន្តថា ការផ្អាកប្រតិបត្តិការនេះមូលហេតុអង្គការជាដៃគូដែលទទួលជំនួយពីរដ្ឋាភិបាលសហរដ្ឋអាម៉េរិក មកគាំទ្រកិច្ចសហប្រតិបត្តិការជាមួយអង្គភាពសុីម៉ាក់នោះ ត្រូវបានរដ្ឋាភិបាលសហរដ្ឋអាមេរិកផ្អាកការផ្តល់ជំនួយទាំងឡាយក្នុងក្របខណ្ឌទូទាំងពិភពលោក ក្នុងនោះក៏ប៉ះពាល់ដល់បណ្តាអង្គការដៃគូមួយចំនួនដែលកំពុងធ្វេីការនៅប្រទេសកម្ពុជាផងដែរ។ លោកបានបញ្ជាក់ថា ថ្នាក់ដឹកនាំអង្គភាពសុីម៉ាក់និងដៃគូអភិវឌ្ឍន៍បានមមាញឹកសម្របសម្រួលជាមួយមន្ត្រីទទួលបន្ទុកគម្រោងជំនួយនៃក្រសួងការបរទេសសហរដ្ឋអាម៉េរិក ក្នុងការបន្តគាំទ្រគម្រោងមនុស្សធម៌នេះ ដែលជំនួយរបស់រដ្ឋាភិបាលអាម៉េរិកផ្តល់ដល់អង្គការដៃគូសហប្រតិបត្តិការជាមួយអង្គភាពសុីម៉ាក់នេះ ដេីម្បីគាំទ្រកិច្ចប្រតិបត្តិការរបស់កម្លាំងអង្គភាពសុីម៉ាក់ក្នុងការបោសសម្អាតគ្រាប់បែកចង្កោមនិងគ្រាប់បែកទម្លាក់ពីយន្តហោះរបស់សហរដ្ឋអាមេរិកជាសំណល់សង្គ្រាមនៅកម្ពុជា។

ប្រតិភូរាជរដ្ឋាភិបាល រំលឹកថា ជំនួយរដ្ឋាភិបាលសហរដ្ឋអាម៉េរិកផ្តល់ជូនអង្គភាពសុីម៉ាក់តាមរយៈអង្គការដៃគូក្នុងរយៈពេល៤៥ខែ ដែលចាប់ផ្តើមពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ មានថវិកាសរុបចំនួន ៦.៣៥៥.៧២០ ដុល្លារអាមេរិក គាំទ្រកម្លាំងជំនាញបច្ចេកទេសចំនួនជិត២០០នាក់។ បេីគិតក្នុងរយ:ពេលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ ដល់ចុងខែមករា ឆ្នាំ២០២៥នេះ អង្គភាពសុីម៉ាក់ទិសខេត្តខាងលេីបានធ្វើការបោសសម្អាតចម្កាគ្រាប់សរុបចំនួន៥៦១ពហុកោណ មានទំហំផ្ទៃដីចំនួន១១.១៩៥ហិកតា រុករកឃេីញកម្ទេកចោលគ្រាប់មីននិងសំណល់គ្រាប់យុទ្ធភណ្ឌសង្គ្រាមចំនួន២៧.០២២គ្រាប់ ក្នុងនេះមានគ្រាប់បែកចង្កោមចំនួន១៧.៩៧១គ្រាប់ និងគ្រាប់បែកទម្លាក់ពីយន្តហោះខ្នាតធំ ចំនួន៦៩គ្រាប់។

ក្នុងពេលវេលានេះ ក្នុងគោលបំណងកាត់បន្ថយការលំបាករបស់អាជ្ញាធរនិងប្រជាពលពលរដ្ឋ ក្នុងការប្រឈមបញ្ហាគ្រាប់មីននិងសំណល់គ្រាប់យុទ្ធភណ្ឌសង្គ្រាម អាជ្ញាធរនិងប្រជាពលរដ្ឋក្នុងមូលដ្ឋាននៃខេត្តទាំងអស់ខាងលេី មេត្តាសហការជាមួយកម្លាំងស្ម័គ្រចិត្តផ្តល់ព័ត៌មានជាង១.០០០នាក់របស់អង្គភាពសុីម៉ាក់និងកម្លាំងនគរបាលជាតិនៅតាមមូលដ្ឋានរបស់ខ្លួន ដេីម្បីអង្គភាពសុីម៉ាក់អាចបញ្ជូនកម្លាំងជំនាញពីគម្រោងផេ្សងទៅជួយគាំទ្រធ្វេីការបោសសម្អាតគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាមសំដៅធានាដល់សុខសុត្ថិភាពរបស់ប្រជាពលរដ្ឋតាមសំណេីចាំបាច់៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង