ភ្នំពេញ៖ ផ្លូវថ្មើរជើង(Walk street) តាមបណ្តោយមាត់ទន្លេចាប់ពីមុខប្រៃសណីយ៍កម្ពុជារហូតដល់មុខព្រះបរមរាជវាំង(ផ្លូវលេខ២៤០)រដ្ឋបាលរាជធានីភ្នំពេញនឹងដាក់ឱ្យដំណើរការជាជំហានដំបូង នៅថ្ងៃទី០១ខែ កុម្ភៈឆ្នាំ២០២៥ខាងមុខ នេះ ដោយចាប់ផ្តើមនៅរៀងរាល់ល្ងាចថ្ងៃសៅរ៍ និង ថ្ងៃអាទិត្យ។
ផ្លូវថ្មើរជើងនេះ គឺជាគម្រោងមួយដែលអាជ្ញាធររាជធានីភ្នំពេញមានយូរមកហើយ ពោលគឺតាំងពីឆ្នាំ២០១៩មកម្ល៉េះ ដោយសារស្ថានភាពនៃវិបត្តិ ជំងឺកូវីដ-១៩ បានធ្វើឱ្យគម្រោងនេះផ្អាកដំណើរការសិន។ ប៉ុន្តែបន្ទាប់ពីមានការ ណែនាំរបស់រាជរដ្ឋាភិបាល រដ្ឋបាលរាជធានីភ្នំពេញបានជំរុញ ការងារឱ្យផ្លូវថ្មើរជើងនេះ ដំណើរការឡើងវិញ ដើម្បីធ្វើយ៉ាង ណាទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកលេងកម្សាន្តឱ្យបានច្រើន។
នៅថ្ងៃនេះ រដ្ឋបាលរាជធានីភ្នំពេញ បានសេចក្តីជូនដំណឹង ស្តីពីការពង្វាងចរាចរក្នុងឱកាសដាក់ដំណើរការសាកល្បងផ្លូវថ្មើរជើង (Walk Street) នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ (ចាប់ពីផ្លូវលេខ៩៤ រហូតដល់មុខព្រះបរមរាជវាំង) នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥ផងដែរ។

