
ភ្នំពេញ៖កម្មវិធី «ផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព»ជំហានទី១នឹងចាប់ផ្តើមអនុវត្តទទួល ពាក្យស្នើសុំរបស់ប្រជាពលរដ្ឋ ចាប់ពីខែកុម្ភៈ ឆ្នាំ២០២៥ តទៅ និង មានចំនួន៥ដំណាក់កាល។ជំហានទី១ រាជរដ្ឋាភិនបាលកម្ពុជានឹងចាប់ផ្តើមកំណត់យកចំណុច ស្រុកសេសាន ខេត្តស្ទឹងត្រែង សម្រាប់កំណត់ផ្តល់ដីជូនប្រជាពលរដ្ឋក្រីក្រពិតប្រាដកចំនួន ៥០០គ្រួសារ។
បើគ្មានអ្វីប្រែប្រួលនោះទេ កម្មវិធី «ផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព»ជំហានទី១នឹងចាប់ផ្តើមទទួលពាក្យស្នើសុំរបស់ប្រជាពលរដ្ឋ ចាប់ពីខែកុម្ភៈ ឆ្នាំ២០២៥ តទៅ និង បានអនុវត្តជា៥ដំណាក់កាល គឺការរៀបចំទីតាំងផ្តល់ដី ការងារបច្ចេកទេស ពិនិត្យភាពសមស្រប ការផ្តលសុពលភាព និង ការផ្តល់ដី ការពារព្រៃ និង ការអភិវឌ្ឍ។
បើតាមគម្រោងការងារអនុវត្តក្នុងជំហានទី១ នឹងចាប់ផ្តើមនៅចំណុចអូរសែវ ភូមិហាសារ៉ាត ជុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង ដោយគ្រោងផ្តល់ដីជូនដល់ប្រជាពលរដ្ឋក្រីក្រពិប្រាកដចំនួន ៥០០ គ្រួសារ ដោយក្នុង១គ្រួសារទទួលបានដីលំនៅឋាន និង ដីកសិកម្មទំហំសរុប៣ហិកតា។
ក្នុងផែនការសម្រាប់ជំហានបន្ទាប់នឹងផ្តល់ជូនចំនួន ៥០០គ្រួសារបន្ថែមទៀតនៅទីតាំងដដែល។តំបន់នេះ មានទំហំជិត១០០០០ហិកតា ស្ថិតនៅជាប់ទីតាំងគម្រោងដីសម្បទានសង្គមកិច្ច។
តាមរយៈសារវីដេអូមួយ ប្រមាណ៧៖០៦នាទី សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសការដាក់ចេញកម្មវិធីនេះ មានគោលបំណង៣ ដែលអាទិភាពធំទីមួយគឺការដោះស្រាយដីជូនប្រជាពលរដ្ឋខ្មែរក្រីក្រ ដែលគ្មានដីពិតប្រាកដ ហើយបន្ថែមលើនេះ កម្មវិធីនឹងចូលរួមទប់ស្កាត់សកម្មភាពទន្ទ្រានដីរដ្ឋធ្វើជាកម្មសិទ្ធិឯកជន និងជំរុញការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការការពារ និងអភិរក្សព្រៃឈើ។
សម្តេចនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា តាមរយៈកម្មវិធីនេះ ប្រជាពលរដ្ឋខ្មែរ ដែលខ្វះដីពិតប្រាកដ នឹងត្រូវបានរដ្ឋផ្តល់ដីជូន ជាមួយនឹងការរៀបចំជាភូមិកជូន ហើយប្រជាពលរដ្ឋខ្មែរ ដែលនឹងទៅរស់នៅទីនោះ អាចនឹងចងជាសហគមន៍ ដើម្បីជួយការពារដី និងព្រៃនៅជុំវិញសហគមន៍ ដែលខ្លួនរស់នៅ៕