ភ្នំពេញ៖ នៅក្នុងរដូវកាលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៥នេះ ផលិតផល«សំបុកត្រចៀកាំ» គឺទទួលបានការគាំទ្រច្រើនពីអតិថិជន ហើយការគាំទ្រនេះ អ្នកជំនាញមើលឃើញថា ដោយគុណភាពអនាម័យ អត្ថប្រយោជន៍នៃផលិតផល«សំបុកត្រចៀកាំ»។
មិនខុសពីផលិតផលផ្សេងទៀត ក្នុងរដូវកាលបុណ្យចូលឆ្នាំចិន វៀតណាមឆ្នាំនេះ កំពុងទទួលបានការចាប់អារម្មណ៍ពីបងប្អូនប្រជាពលរដ្ឋទូទៅ ជាពិសេសបងប្អូនខ្មែរសែស្រឡាយចិន សម្រាប់ការទិញ និងរៀបចំជាអំណោយដើម្បីជូនដល់អ្នកមានគុណ ជូនមនុស្សជាទីស្រឡាញ់ជាដើម។
លោកជំទាវ វ៉ា សុជីន ប្រធានសមាគមអ្នកផលិត និង អ្នកនាំចេញសំបុកត្រចៀកកាំកម្ពុជា បានកត់សម្គាល់ឃើញថា ផលិតផលត្រចៀកកាំទឹក និង ស្ងួតទទួលបានការគាំទ្រច្រើនពីថ្នាក់ដឹកនាំផ្សេងជ្រើសរើសជាអំណោយជូនគ្នាទៅវិញទៅមក ក្នុងរដូវកាលបុណ្យចូលឆ្នាំចិន ព្រោះផលិតផលកែច្នៃពីសំបុកត្រចៀកកាំនេះ វាមានអត្ថប្រយោជន៍ច្រើនសម្រាប់សុខភាពមនុស្ស។
បើតាមប្រធានសមាគមអ្នកផលិត និង នាំចេញសំបុកត្រចៀកកាំកម្ពុជារូបនេះ ផ្អែកលើគុណប្រយោជន៍នៃផលិតផលសំបុកត្រចៀកកាំ និងការយល់ដឹងអំពីសុខភាពរបស់ពលរដ្ឋ, ផលិតផលសំបុកត្រចៀកាំទាំងទឹក ត្រូវបានក្មេងៗជំនាន់ក្រោយទិញវាធ្វើជាអំណោយជូនដល់អ្នកមានគុណ និង មនុស្សដែលជាទីគោរពស្រលាញ់មានការកើនឡើងគួរឱ្យកត់សម្គាល់នៅក្នុងរដូវកាលបុណ្យចូលឆ្នាំចិននេះ។
គួរបញ្ជាក់ថា ផលិតផល«សំបុកត្រចៀកាំ» គឺជាផលិតផលមួយរបស់កម្ពុជា ដែលមានសក្តានុពលក្នុងការនាំចេញ។សព្វថ្ងៃ ទីផ្សារនាំចេញសំបុកត្រចៀកកាំធំរបស់គេរបស់កម្ពុជា គឺប្រទេសចិន បន្ទាប់មកប្រទេសវៀតណាម ម៉ាឡេស៊ី និងថៃ។កម្ពុជានាំចេញសំបុកត្រចៀកកាំទៅប្រទេសទាំងនេះ បានប្រមាណ១០០តោន ក្នុងមួយឆ្នាំ។ ការនាំចេញនេះមានតម្លៃខ្ពស់ ដោយសំបុកត្រចៀកកាំដែលមិនទាន់សម្អាតមានតម្លៃពី៧០០ទៅ ៩០០ដុល្លារក្នុងមួយគីឡូក្រាម និង ពីតម្លៃ ១៥០០ ទៅ២០០០ដុល្លារ ក្នុងមួយគីឡូក្រាម សម្រាប់សំបុកត្រចៀកកាំដែលត្រូវបានសម្អាតរួច។នេះបើយោងតាមរបាយការណ៍ពីក្រសួងពាណិជ្ជកម្មកម្ពុជា៕