ភ្នំពេញ៖ នៅក្នុងខែមករា ដើមឆ្នាំ២០២៥នេះ អង្គភាពប្រឆាំងអំពើពុករលួយ ទទួលបានពាក្យបណ្តឹងសរុប២៤បណ្តឹង និង បានសម្រេចបញ្ជូនសំណុំរឿងចំនួន២ករណីដែលមានមន្ត្រីជាជនសង្ស័យ៣រូបទៅតុលាការ ពាក់ព័ន្ធករណីទទួលសំណូក និង រំលោភអំណាច។
យោងតាមរបាយការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយ ក្នុងសំណុំរឿង២ករណី គឺមានជនសង្ស័យចំនួន៣នាក់ ដោយក្នុងនោះមាន ករណីវរៈសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវ និង នាយចំណង់ ស៉ិន សុវណ្ណារិទ្ធ ជំនួយការមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវ ដែលទទួលសំណូកក្នុងរយៈពេលជាង២ឆ្នាំ ពីអ្នកលក់គ្រឿងញៀន និងទីតាំងកន្លែងជល់មាន់។
ចំណែកករណី១ទៀត គឺសំណុំរឿងវរៈសេនីយ៍ទោ សុខ សង្ហា នាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការនគរបាលខេត្តតាកែវ ដែលទទួលសំណូកពីអ្នកជួញដូរគ្រឿងញៀន៤ឆ្នាំជាថ្នូរនឹងការមិនចាប់ការលក់ដូរគ្រឿងញៀន មិនចាប់ខ្លួកអ្នកជួញដូរដែលមានដីកាចាប់ខ្លួនពីតុលាការ កែសំណុំរឿងពីធ្ងន់មកស្រាល ហើយរកឃើញអ្នកមានផ្ទុកគ្រឿងញៀនក្នុងទឹកនោមបែរជាទាលុយ។
