ព្រះសីហនុ៖ក្នុង“កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤”ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ទទួលសំណើសុំការលើកទឹកចិត្ត ចំនួន ២៤២គម្រោងពីធុរជន និងវិនិយោគិន ដោយមានទុនវិនិយោគប្រមាណជាង ៦៨០០លានដុល្លារ និង បានចេញលិខិតអនុញ្ញាតជាគោលការណ៍ ២១៣ គម្រោង មានទុនវិនិយោគជាង៦០០០លានដុល្លារ។ផែនការនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន ម៉ាណែត សម្រេចបន្តការផ្តល់ «អត្ថប្រយោជន៍ពិសេស» រហូតដល់ដំណាច់ឆ្នាំ ២០២៥ ដើម្បីផ្តល់អត្ថប្រយោជន៍ដល់វិនិយោគិនដែលកំពុងវិនិយោគនៅក្នុងខេត្តព្រះសីហនុ។
យោងតាមទិន្ន័យពីក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានគូសបញ្ជាក់ថា គិតចាប់ពីថ្ងៃទី ៩ មករា រហូតដល់ខែធ្នូ ឆ្នាំ២០២៤ ក្រុមការងារទទួលសំណើសុំការលើកទឹកចិត្ត ចំនួន២៤២គម្រោងពីធុរជន និងវិនិយោគិន មានទុនវិនិយោគប្រមាណជាង ៦៨០០លានដុល្លារ។ហើយគម្រោងទទួលបានលិខិតអនុញ្ញាតជាគោលការណ៍២១៣គម្រោង មានទុនវិនិយោគជាង៦០០០លានដុល្លារ(៦.០២៦.១០១.២០០ដុល្លារ) ។
បើតាមរបាយការណ៍ គម្រោងដែលទទួលបានការអនុញ្ញាតទាំង ២១៣គម្រោង គឺមានគម្រោងវិនិយោគអគារជាប់គាំង ១០៣គម្រោង មានទុនវិនិយោគចំនួន ២.៥០៣.៤៤០.៩០០ដុល្លារ, គម្រោងមិនពាក់ព័ន្ធនឹងអគារជាប់គាំង៨៦គម្រោង មានទុនវិនិយោគចំនួន ២.៦៨៧.៤១៣.០០០ដុល្លារ, ការពង្រីកគម្រោងមានចំនួន ១៧គម្រោង មានទុនវិនិយោគចំនួន៨០០. ៣៧៧.៣០០ដុល្លារ និង គម្រោងមានស្រាប់មានចំនួន ៧គម្រោង មានទុនវិនិយោគចំនួន ៣០.៥៧៧០.០០០ដុល្លារ។
លោក ហ៊ាន សាហ៊ីប ប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានថ្លែងក្នុងកិច្ចប្រជុំ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ក្រុមការងារបានបំពេញការងារបានល្អ ក្នុងការរួមចំណែកលើកកម្ពស់បរិយាកាសធុរកិច្ចក្នុងខេត្តព្រះសីហនុ ឱ្យកាន់តែល្អប្រសើរ និង អាចអនុញ្ញាតឱ្យគោលការណ៍លើកទឹកចិត្តអនុវត្តបានភ្លាម ប្រកបដោយតម្លាភាព និង ប្រសិទ្ធភាព។
គួរបញ្ជាក់ថាកម្មវិធីពិសេសជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ ត្រូវបានសម្តេច ហ៊ុន ម៉ាណែត ប្រកាសដាក់ចេញនៅខែមករា ឆ្នាំ២០២៤ ក្នុងគោលដៅឱ្យធុរជន និង វិនិយោគិន អាចស្នើសុំនិង អនុវត្តគម្រោង ឬសកម្មភាព ពាក់ព័ន្ធនឹងអគារជាប់គាំង គម្រោងមិនជាប់ពាក់ព័ន្ធនឹងអគារជាប់គាំង ការពង្រីកគម្រោងវិនិយោគ ឬ សកម្មភាពធុរកិច្ច ដែលមានស្រាប់នៅក្នុងខេត្តនឹងទទួលបាននូវ «អត្ថប្រយោជន៍ពិសេស» ដូចជាការសម្រួលនីតិវិធី ការលើកទឹកចិត្តពិសេស និង ការអនុគ្រោះនានា៕