
ឧត្តរមានជ័យ៖ កម្លាំងជំនាញអង្គភាពសុីម៉ាក់ បានបិទបញ្ចប់កិច្ចប្រតិបត្តិការបោសសម្អាតគ្រាប់មីនតោនចំនួន ២រណ្តៅជោគជ័យ ដោយបានបោសសម្អាត និងដោះបន្សាបគ្រាប់មីនតោនប្រភេទTM46 និងប្រភេទTMN ចំនួន៥៥គ្រាប់ ជាសំណល់សង្គ្រាម។

បើតាមលោក លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់(CMAC) បានឲ្យដឹងថា នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥នេះ ស្ថិតនៅក្នុងភូមិ អូរពក ឃុំកូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ កម្លាំងជំនាញអង្គភាពសុីម៉ាក់ បានបិទបញ្ចប់កិច្ចប្រតិបត្តិការបោសសម្អាតគ្រាប់មីនតោនទាំង ២រណ្តៅដោយបានបោសសម្អាត និងដោះបន្សាបគ្រាប់មីនតោនប្រភេទTM46 និងប្រភេទTMN ចំនួន៥៥គ្រាប់ ជាសំណល់សង្គ្រាម ប្រកបដោយសុវត្ថិភាព។

លោក ហេង រតនា បានបញ្ជាក់ទៀតថា ទីតាំងមានបញ្ហាគ្រាប់មីនតោននេះ គឺកំពុងដំណេីរការសាងសង់សំណង់ស្តុកទឹកសម្រាប់បម្រេីតម្រូវការទឹកប្រេីប្រាស់នៅតំបន់អូរស្មាច់(ព្រំដែនកម្ពុជា-ថៃ)។ ក្នុងគោលបំណងបញ្ចៀសនូវឧបទ្ទវហេតុគ្រោះថ្នាក់ណាមួយដោយសារគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាម។ លោកស្នើររាល់ការអភិវឌ្ឍប្រេីប្រាស់ដីក្នុងតំបន់អតីតៈសមរភូមិនានា នៅក្នុងប្រទេស គប្បីគិតគូរដល់សុខសុវត្ថិភាពការងារជាចម្បង៕


