
កំពង់ធំ៖លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និង តំណាងសហព័ន្ធស្រូវអង្ករកម្ពុជា បានចុះពិនិត្យមើលការប្រើប្រាស់ហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល ដើម្បីប្រមូលទិញស្រូវពីប្រជាកសិករ នៅរោងម៉ាស៊ីនចំនួន៣ ក្នុងខេត្តកំពង់ចាម និង ខេត្តកំពង់ធំ។
ការប្រមូលទិញស្រូវនិងបរិមាណនៃការស្តុកស្រូវទុករបស់រោងម៉ាស៊ីនចំនួន ៣កន្លែង នៅខេត្តកំពង់ចាមនិងខេត្តកំពង់ធំ រួមមាន រោងម៉ាស៊ីនកិនស្រូវ សេក មាស, ក្រុមហ៊ុន Amru Rice, និងរោងម៉ាស៊ីនកិនស្រូវ ១៦៨៨។

តាមការចុះពិនិត្យជាក់ស្តែង រោងម៉ាស៊ីន កំពុងធ្វើការប្រមូលទិញស្រូវនិងស្តុកទុក និងកិនកែច្នៃសម្រាប់បំរើការនាំចេញយ៉ាងសកម្មហើយកំពុងបន្តទិញស្រូវពីកសិករតាមសមត្ថភាព និងលទ្ធភាពផងដែរ។ លោកបណ្ឌិត កៅ ថាច ក៏បានជំរុញដល់ម្ចាស់រោងម៉ាស៊ីនកិនស្រូវទាំងអស់បន្តជួយទិញស្រូវកសិករឲ្យអស់លទ្ធភាព នៅក្នុងរដូវប្រមូលផលស្រូវប្រាំងនេះ ហើយជាមួយគ្នានេះ ក្នុងករណីរោងម៉ាស៊ីន មានតម្រូវការឥណទានអាចធ្វើការទាក់ទងមកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មបាន៕

