ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន ម៉ាណែត បានសម្រេចបន្តការផ្តល់ «អត្ថប្រយោជន៍ពិសេស» ក្រោមវិសាលភាពនៃ «កម្មវិធីពិសេសជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» រហូតដល់ដំណាច់ឆ្នាំ ២០២៥ ដើម្បី ផ្តល់អត្ថប្រយោជន៍ដល់វិនិយោគិន ដែលកំពុងវិនិយោគនៅក្នុងខេត្តព្រះសីហនុ។
កម្មវិធីពិសេសជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ ត្រូវបានសម្តេច ហ៊ុន ម៉ាណែត ប្រកាសដាក់ចេញនៅខែមករា ឆ្នាំ២០២៤ ក្នុងគោលដៅឱ្យធុរជន និង វិនិយោគិន អាចស្នើសុំនិង អនុវត្តគម្រោង ឬសកម្មភាព ពាក់ព័ន្ធនឹងអគារជាប់គាំង គម្រោងមិនជាប់ពាក់ព័ន្ធនឹងអគារជាប់គាំង ការពង្រីកគម្រោងវិនិយោគ ឬ សកម្មភាពធុរកិច្ច ដែលមានស្រាប់នៅក្នុងខេត្តនឹងទទួលបាននូវ «អត្ថប្រយោជន៍ពិសេស» ដូចជាការសម្រួលនីតិវិធី ការលើកទឹកចិត្តពិសេស និង ការអនុគ្រោះនានា ។
ក្នុងឆ្នាំ២០២៤ គិតត្រឹមខែវិច្ឆិកា ប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ សម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្តពិសេស ដល់គម្រោងប្រមាណជាង២០០គម្រោងជា គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំង, គម្រោងថ្មី,ការពង្រីកគម្រោង និង គម្រោងពុំពាក់ព័ន្ធនឹងអគារជាប់គាំង។
លោក ហ៊ាន សាហ៊ីប ប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានថ្លែងក្នុងកិច្ចប្រជុំ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ក្រុមការងារបានបំពេញការងារបានល្អ ក្នុងការរួមចំណែកលើកកម្ពស់បរិយាកាសធុរកិច្ចក្នុងខេត្តព្រះសីហនុ ឱ្យកាន់តែល្អប្រសើរ និង អាចអនុញ្ញាតឱ្យគោលការណ៍លើកទឹកចិត្តអនុវត្តបានភ្លាម ប្រកបដោយតម្លាភាព និង ប្រសិទ្ធភាព។
គួរបញ្ចាក់ថា ការសម្រេចរបស់សម្តេច ហ៊ុន ម៉ាណែត នៅពេលនេះស្របពេលដែលក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្តពិសេស ដល់គម្រោងចំនួន ៤២ គម្រោង ក្នុងនោះ គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំង ចំនួន ១៥, គម្រោងថ្មី ចំនួន ១២, ការពង្រីកគម្រោង ចំនួន ៣, និង គម្រោងពុំពាក់ព័ន្ធនឹងអគារជាប់គាំង ១២ គម្រោង ដែលមានទុនវិនិយោគសរុប ៥៦៥ លានដុល្លារអាមេរិក និង ប៉ាន់ស្មានអាចបង្កើតការងារប្រមាណ ៧ ៣០៨ កន្លែង មានជាអាទិ៍ គម្រោងភណ្ឌាគារគយមានដែនកំណត់, គម្រោងផ្ទះលំហែនៅកោះរ៉ុងសន្លឹម, គម្រោងរមនីយដ្ឋាន អេកូ កសិទេសចរណ៍, គម្រោងសួនឧស្សាហកម្ម, គម្រោងសណ្ឋាគារ, និង គម្រោងអគារពហុមុខងារ៕