Cc times  web banner kh

២០២៤៖កម្ពុជាទទួលជើងហោះហើរជិត៦ម៉ឺនជើង,ទទួលអ្នកដំណើរជាង៦លាននាក់,ទទួលទំនិញជិត៨ម៉ឺនតោន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល 

ភ្នំពេញ៖ នៅរយៈពេល១២ខែក្នុងឆ្នាំ២០២៤ ប្រទេសកម្ពុជាទទួលបានជើងហោះហើរ ចេញ-ចូល (ទ្វេទិស) មានចំនួនជិត៦ម៉ឺនជើង ទទួលបានអ្នកដំណើរ ចេញ-ចូល ជាង ៦លាននាក់ និង ទទួលដឹកជញ្ជូនទំនិញចេញ-ចូលបានជិត៨ម៉ឺនតោន។ចំនួននេះ គឺសម្រាប់អាកាសយានដ្ឋានអន្តរជាតិទាំង៣ នៅកម្ពុជាមានភ្នំពេញ-សៀមរាបអង្គរ-ព្រះសីហនុ ហើយជាចំនួនកើនឡើងបើធៀបនឹងឆ្នាំ២០២៣។នេះបើយោងតាមរបាយការណ៍របស់អាកាសចរណ៍ស៊ីវិលកម្ពុជា ផ្តល់ជូនដល់ ស៊ីស៊ីថាមស៍។

យោងតាមរបាយការណ៍ គិតចាប់ពី ខែមករា ដល់ ខែធ្នូ ឆ្នាំ២០២៤ ស្ថានភាពវិស័យដឹកជញ្ជូនតាមផ្លូវអាកាស សម្រាប់អាកាសយានដ្ឋានអន្តរជាតិទាំង៣ សម្រាប់ជើងហោះហើរ ចេញ-ចូល (ទ្វេទិស) មានចំនួនជាង ៥ម៉ឺនជើង (៥៨,៣៥៤ ជើង) មានការកើនឡើងជាង១៤ % បើធៀបឆ្នាំ២០២៣ ទទួលបានអ្នកដំណើរ ចេញ-ចូល ចំនួនជាង៦លាននាក់ (៦,២៤១,៨៤២ នាក់) កើនឡើងជាង ២២ % បើធៀបឆ្នាំ២០២៣។

ទាក់ទងនឹងការដឹកជញ្ជូនទំនិញតាមផ្លូវអាកាស ចេញ-ចូល ក្នុងឆ្នាំ២០២៤ មានចំនួនជិត ៨ម៉ឺនតោន (៧៧,៧៥២ តោន) មានការកើនឡើង៤០ % បើធៀបទៅនឹងរយៈពេល ១២ខែ ដូចគ្នាទៅនឹងឆ្នាំ២០២៣។ដោយឡែកសម្រាប់ខែមករា ឆ្នាំ២០២៥ នេះ គិតចាប់ពីថ្ងៃទី១ ដល់ ២០ ខែមករា ឆ្នាំ២០២៥ ជើងហោះហើរ ចេញ-ចូល(ទ្វេទិស) ជាមធ្យមក្នុង១ថ្ងៃ នៅឯអាកាសយានដ្ឋានអន្តរជាតិទាំង៣ គឺមានក្រុមហ៊ុនអាកាសចរណ៍ជាតិ និង អន្តរជាតិចំនួន៣១ក្រុមហ៊ុន កំពុងធ្វើការហោះហើរចេញ-ចូល អាកាសយានដ្ឋានអន្តរជាតិទាំង៣ ជាប្រចាំ។

បើតាមរបាយការណ៍ សម្រាប់ដើមខែមករានេះ ការហោះហើរចេញ-ចូល អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ចំនួន ១៣១ ជើង/ថ្ងៃ(ទ្វេទិស) អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ចំនួន ៥២ ជើង/ថ្ងៃ(ទ្វេទិស) អាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ ចំនួន ៦ ជើង/ថ្ងៃ(ទ្វេទិស) សរុប ជើងហោះហើរ ចេញ-ចូល(ទ្វេទិស)ទាំង៣ អាកាសយានដ្ឋានអន្តរជាតិ ១៨៩ ជើង/ថ្ងៃ។

លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានថ្លែងប្រាប់ ស៊ីស៊ីថាមស៍ វិស័យទេសចរណ៍កម្ពុជា បានវិលទៅរកស្ថានភាពមុនវិបត្តិជំងឺកូវីដ-១៩ ដោយនៅឆ្នាំ២០២៤ កម្ពុជាទទួលស្វាគមន៍ទេសចរអន្តរជាតិប្រមាណ ៦,៧លាននាក់ កើនឡើង ២២,៩% ធៀបនឹងឆ្នាំ២០២៣ និង កើនឡើង១,៤% ធៀបនឹងឆ្នាំ២០១៩។ ដោយឡែកក្នុងវិស័យដឹកជញ្ជូនតាមផ្លូវអាកាស(អាកាសចរណ៍) ទើបតែងើបវិញជាលំដាប់បានប្រមាណជាង ៦៨% (២០២៤)តែប៉ុណ្ណោះ បើធៀបទៅនឹងស្ថានភាពមុនវិបត្តិជំងឺកូវីដ-១៩ (២០១៩)៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង