ភ្នំពេញ៖ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ២២ មករានេះ បានប្រកាសដាក់ឱ្យដំណើរការកម្មវិធីទូទាត់បាគងទេសចរ (Bakong Tourists App) ជាមួយក្រុមហ៊ុនបណ្ដាញប័ណ្ណទូទាត់អន្តរជាតិវីសា Visa ។ពិធីនេះរៀបចំឡើងក្រោមអធិបតីភាពរបស់ លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នរាជរដ្ឋាភិបាល ក្រុមហ៊ុនបណ្តាញទូទាត់អន្តរជាតិ និងវិស័យឯកជនសរុបប្រមាណ ៣០០នាក់។
យោងតាមធនាគារជាតិនៃកម្ពុជា តាមរយៈដំណើរការកម្មវិធីនេះ ទេសចរអន្តរជាតិដែលធ្វើដំណើរកម្សាន្តនៅកម្ពុជាអាចធ្វើប្រតិបត្តិការទូទាត់បែបឌីជីថលបានយ៉ាងងាយស្រួល ដោយគ្រាន់តែទាញយកកម្មវិធីទូទាត់បាគងទេសចរដាក់ក្នុងទូរសព្ទដៃ ដើម្បីចុះឈ្មោះប្រើប្រាស់ហើយភ្ជាប់ជាមួយប័ណ្ណទូទាត់វីសា ដែលមានស្រាប់ពីប្រទេសដើមរបស់ខ្លួន។ បន្ទាប់ពីតភ្ជាប់រួចរាល់ អ្នកប្រើប្រាស់អាចផ្ទេរប្រាក់ចូលក្នុងគណនីបាគង ហើយធ្វើប្រតិបត្តិការទូទាត់តាមខេអេចឃ្យូអរកូត ជាមួយអាជីវករប្រមាណ ៤,៥ លានកន្លែង នៅក្នុងប្រទេសកម្ពុជា។
គួរបញ្ជាក់ថា កម្មវិធីទូទាត់បាគងទេសចរ ត្រូវបានធនាគារជាតិនៃកម្ពុជា ប្រកាសសម្ពោធដំបូងកាលពីថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០២៤ នៅខេត្តសៀមរាប ដើម្បីរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍នៅកម្ពុជា តាមរយៈការផ្តល់ជាមធ្យោបាយទូទាត់តាមអេឡិចត្រូនិក ដែលអាចឱ្យទេសចរអន្តរជាតិធ្វើប្រតិបត្តិការទូទាត់ទំនិញ និងសេវាប្រកបដោយប្រសិទ្ធភាព និងភាពងាយស្រួល ព្រមទាំងទទួលបាននូវបទពិសោធន៍ថ្មីនៃការទូទាត់ឌីជីថលនៅកម្ពុជា។
ដើម្បីទទួលបាននូវសេវានេះ ទេសចរអន្តរជាតិ គ្រាន់តែទាញយកកម្មវិធីទូទាត់បាគងទេសចរ “Bakong Tourist App” ហើយដំឡើងកម្មវិធីនេះនៅក្នុងទូរសព្ទ នៅពេលមកដល់ប្រទេសកម្ពុជា រួចហើយចុះឈ្មោះបង្កើតគណនីបាគងទេសចរតាមអនឡាញដោយប្រើប្រាស់អ៊ីមែល។ បន្ទាប់មក ទេសចរ អន្តរជាតិអាចបញ្ចូលទឹកប្រាក់ទៅក្នុងគណនីតាមរយៈអង្គភាពអាជីវកម្មជាដៃគូ និងអាចធ្វើប្រតិបត្តិការ ទូទាត់តាមរយៈការស្តេន KHQR Code ជាមួយពាណិជ្ជករទូទាត់រាយប្រមាណ ៣,៣ លានទីតាំង នៅទូទាំងប្រទេសកម្ពុជា៕