
កំពង់ឆ្នាំង៖ខេត្តកំពង់ឆ្នាំង ទទួលបានជោគជ័យឈានមុខគេ ក្នុងចំណោមរាជធានី ខេត្តទាំង ២៥ ក្នុងការប្រយុទ្ធប្រឆាំងនឹងសំណល់ សំរាមប្លាស្ទិកនៅតាមទីសាធារណៈ។ការវាយតម្លៃនេះ ត្រូវបានប្រកាសដោយលោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និង បានថ្លែងកោតសរសើរចំពោះ លោក ស៊ុន សុវណ្ណារិទ្ធ អភិបាលនៃគណអភិបាលខេត្តកំពង់ឆ្នាំង ដែលបានយកចិត្តទុកដាក់ធ្វើឱ្យខេត្តកំពង់ឆ្នាំងស្អាត គ្មានសំណល់ សំរាមប្លាស្ទិក ហើយភាពស្អាតនេះ។
យោងតាមក្រសួងបរិស្ថានកម្ពុជា បានចាត់ទុកជោគជ័យឈានមុខគេ គឺបានឆ្លុះបញ្ចាំងនូវឥរិយាបថស្អាតរបស់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំងទាំងមូល និង សាមគ្គីភាពរវាងអាជ្ញាធរមូលដ្ឋាន និង អ្នកពាក់ព័ន្ធទាំងអស់នៅទូទាំងខេត្តកំពង់ឆ្នាំង។លើសពីនេះ ភាពស្អាតរបស់ខេត្តកំពង់ឆ្នាំង បានសរបញ្ជាក់ពីការការពារសុខុមាលភាពប្រជាពលរដ្ឋឱ្យចាកផុតពីជំងឺដង្កាត់នានាដោយការបំពុលពីសំណល់ សំរាមប្លាស្ទិក ទន្ទឹមនឹងភាពស្អាតបរិស្ថានជុំវិញខ្លួន ភាពស្អាតផ្នែកខាងក្នុងក៏មានសារៈសំខាន់។
ពិធីប្រកាសខេត្តកំពង់ឆ្នាំងស្អាត គ្មានសំរាម សំណល់ប្លាស្ទិកតាមទីសាធារណៈនេះ បានរៀបចំឡើងនៅក្នុងបរិវេណពហុកីឡដ្ឋានខេត្តកំពង់ឆ្នាំងក្រោមអធិបតីភាព លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និង មានការអញ្ជើញចូលរួមពី សមាជិក សមាជិកា នៃរដ្ឋសភាប្រចាំមណ្ឌលខេត្តកំពង់ឆ្នាំង តំណាងក្រសួងពាក់ព័ន្ធ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង តំណាងអង្គការ ដៃគូអភិវឌ្ឍន៍ និងក្រុមហ៊ុនឯកជនលោកគ្រូ អ្នកគ្រូ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងភ្ញៀវអន្តរជាតិ រួមទាំងសិស្សានុសិស្សប្រមាណជិត ២ម៉ឺននាក់៕