Cc times  web banner kh

សមាគមឧកញ៉ាកម្ពុជានិងក្រសួងពាណិជ្ជកម្មអ៊ិស្លាមប៉ាគីស្ថាន បន្តពង្រឹងនិងពង្រីកការវិនិយោគរវាងវិស័យឯកជននៃប្រទេសទាំងពីរ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ អនុប្រធានសមាគមឧកញ៉ាកម្ពុជា និងរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៃសាធារណរដ្ឋអ៊ិស្លាមប៉ាគីស្ថាន បានឯកភាពគ្នាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ រវាងវិស័យឯកជននៃប្រទេសទាំងពីរ។ ការឯកភាពនេះត្រូវបានធ្វើឡើងក្នុងកិច្ចពិភាក្សាការងាររវាងលោកអ្នកឧកញ៉ា លី ហួរ អនុប្រធានសមាគមឧកញ៉ាកម្ពុជា ជាមួយ Jam Kamal Khan រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអ៊ិស្លាមប៉ាគីស្ថានប្រចាំកម្ពុជា និងភាគីពាក់ព័ន្ធជាច្រើនរូបទៀត នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥។

លោកអ្នកឧកញ៉ា លី ហួរ បានលើកឡើងថា ជំនួបដ៏មានសារៈសំខាន់នាថ្ងៃនេះ គឺជាជំហាននៃកិច្ចចាប់ផ្តើមក្នុងការកសាងទំនាក់ទំនងជាមួយគ្នា ខណៈដែលសមាគមឧកញ៉ាកម្ពុជាមានសមាជិកសុទ្ធសឹងតែជាពាណិជ្ជករ និងវិនិយោគិនមានសក្តានុពល និងកាន់កាប់អាជីវកម្មលើពហុវិស័យ។ លោកអ្នកឧកញ៉ា មើលឃើញនូវឱកាស និងមានសុទិដ្ឋិនិយមខ្ពស់ដែលធុរជនក៏ដូចជាវិនិយោគិន នៃប្រទេសទាំងពីរអាចចាប់ដៃគូធុរកិច្ច និងកសាងកិច្ចសហប្រតិបត្តិការជាមួយគ្នាក្នុងវិស័យអាទិភាពជាច្រើនដែលកំពុងតែមានសក្ដានុពល។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអ៊ិស្លាមប៉ាគីស្ថាន បានលើកទឹកឱ្យធុរជននៃប្រទេសទាំងពីរស្វែងយល់អំពីបរិយាកាសធុរកិច្ច និងវិនិយោគឱ្យបានកាន់តែទូលំទូលាយ ដើម្បីចាប់ឱកាសវិនិយោគក្នុងវិស័យអាទិភាពនានាក្នុងប្រទេសទាំងពីរ ខណៈដែលនៅអំឡុងខែកុម្ភៈខាងមុខនេះនឹងមានការរៀបចំពិព័រណ៍ពាណិជ្ជកម្មក្នុងប្រទេសប៉ាគីស្ថានដែលជាឱកាសមួយសម្រាប់វិនិយោគិនកម្ពុជាអាចចូលរួមបំពេញទស្សនកិច្ចដើម្បីស្វែងយល់ព្រមទាំងទទួលបានព័ត៌មានបន្ថែមទៀត។

ក្រោយជំនួបនេះ ភាគីទាំងពីរបានពិភាក្សានិងផ្លាស់ប្ដូរមតិយោបល់គ្នាលើកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ ដោយក្នុងនោះសម្រេចបានលទ្ធផលដូចជា៖ ភាគីទាំងពីរនឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ រវាងវិស័យឯកជននៃប្រទេសទាំងពីរ, ភាគីទាំងពីរបានព្រមព្រៀងលើការរៀបចំឱ្យមានការចុះអនុស្សរណៈយោគយល់ស្ដីពីការលើកកម្ពស់សកម្មភាពពាណិជ្ជកម្ម និងវិនិយោគរវាងវិស័យឯកជននៃប្រទេសទាំងពីរឱ្យកាន់តែសកម្ម និងប្រសើរឡើង។

ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអ៊ិស្លាមប៉ាគីស្ថាននឹងពាំនាំផ្សព្វផ្សាយអំពីវិបុលភាព ការអភិវឌ្ឍ បរិយាកាសធុរកិច្ចនិងវិនិយោគនៅកម្ពុជាទៅកាន់សហគមន៍ធុរកិច្ចប៉ាគីស្ថាន និងលើកទឹកចិត្តធុរជនប៉ាគីស្ថានសិក្សាស្វែងយល់ និងវិយោគនៅកម្ពុជា។

ជាចុងក្រោយ សមាគមឧកញ៉ាកម្ពុជានឹងពិនិត្យលទ្ធភាពលើការរៀបចំប្រតិភូចូលរួមពិព័រណ៍ ក៏ដូចជា បំពេញទស្សនកិច្ចធុរកិច្ច នៅប៉ាគីស្ថាននាពេលខាងមុខ៕



ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង