
ខេត្តពោធិ៍សាត់៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ពីការខិតខំប្រឹងប្រែងក្នុងការស្វែងរកទីផ្សារក្រៅស្រុកបន្ថែមទៀតជូនកសិករខ្មែរទូទាំងប្រទេស ខណៈការនាំចេញកសិផលកម្ពុជាមានការកើនឡើងជាលំដាប់។ នេះជាប្រសាសន៍របស់សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ថ្លែងក្នុងឱកាសអញ្ជើញ សម្ពោធសមិទ្ធផលនៅមជ្ឈមណ្ឌលអតីតយុទ្ធជនប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ក្នុងខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥។
សម្ដេច ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលគិតទាំងទីផ្សារក្នុងស្រុក និងក្រៅស្រុក។ នៅឆ្នាំ២០២៣ ការប្រមូលផលស្រូវរបស់ប្រទេសកម្ពុជាមាន ១៣លានតោន ហើយប្រជាពលរដ្ឋកម្ពុជាមានប្រមាណ ១៧លាននាក់ ហូបអស់តែ៥លានតោនទេ សល់៧លានតោនទៀត។ ដូចនេះ រាជរដ្ឋាភិបាលខិតខំរកទីផ្សារក្រៅស្រុកបន្ថែមទៀត ជូនប្រជាកសិករខ្មែរទូទាំងប្រទេស។
ជាមួយគ្នានេះដែរ សម្ដេចបានប្រៀបធៀបពីការនាំចេញកសិផលរបស់កម្ពុជាក្នុងឆ្នាំ២០២២ និងឆ្នាំ២០២៤ ក្នុងនោះសម្ដេចបានបញ្ជាក់ថា នៅឆ្នាំ២០២២ កម្ពុជាបាននាំចេញកសិផលសរុបចំនួន ៨.៦លានតោន ទៅកាន់ប្រទេសចំនួន ៧៤ ក្នុងនោះមានស្រូវចំនួន ៣.៥លានតោន។ ចំណែកឆ្នាំ២០២៤ កម្ពុជានាំចេញកសិផលចំនួន ១១លានតោណ ទៅកាន់ប្រទេសចំនួន ៩៤ប្រទេស ក្នុងនោះមានស្រូវ៥លានតោន។ បើប្រៀបធៀបឆ្នាំ២០២២ និងឆ្នាំ២០២៤ កម្ពុជាបានពង្រីកទីផ្សារនាំចេញបានចំនួន ២០ប្រទេស។
គួរបញ្ជាក់ថា បើតាមបាយការណ៍របស់ក្រសួងកសិកម្ម ឆ្នាំ២០២៤ ផលិតកម្មដំណាំសរុប ១១.៦៦ តោន ឬ ៣០ ភាគរយត្រូវបាននាំចេញទៅក្រៅប្រទេស ដោយរកចំណូលបាន ៤ ៧៩២ លានដុល្លារ កើនឡើង១៤៣លានដុល្លារ បើធៀបឆ្នាំ២០២៣។ មុខទំនិញកសិកម្មសំខាន់ៗដែលបាននាំចេញមានដូចជា៖ ស្រូវ អង្ករ កៅស៊ូ ដំឡូងមី ស្វាយ ចេកស្រស់ ម្រេច គ្រាប់ស្វាយចន្ទី ពោត ប្រេងដូង ចំណិតដំឡូងមីក្រៀម ផ្លែមៀនស្រស់ និងកសិផលជាង៧៧មុខផ្សេងទៀត៕

