ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងនៅថ្ងៃទី ២០ ខែមករានេះថា នឹងរៀបចំសន្និសីទ និងពិព័រណ៍បច្ចេកវិទ្យាអប់រំកម្ពុជា លើកទី១ (The First Cambodia EdTech Summit) នឹងត្រូវរៀបចំឡើងក្រោមប្រធានបទ «មាគ៌ាកម្ពុជាឆ្ពោះទៅកាន់ការអប់រំឌីជីថល» ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧ ដល់ ១៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។
ប្រធានបទនៃសន្និសីទ និងពិព័រណ៍ គឺផ្តោតលើការសិក្សាស្វែងយល់ពីប្រព័ន្ធអេកូឡូសុី បច្ចេកវិទ្យាអប់រំ ( EdTech ) ដែលជាកត្តាដ៏សំខាន់ក្នុងការយល់ដឹងពីការប្រើប្រាស់បច្ចេកវិទ្យា ការបង្កើតថ្មី ការអភិវឌ្ឍជំនាញនៅកម្ពុជា។ តាមរយៈការពិភាក្សាដ៏សុីជម្រៅ ការតាំងពិព័រណ៍បច្ចេកវិទ្យា និងការបង្កើតឱកាសទំនាក់ទំនង។
សន្និសីទនេះ មានគោលបំណងជំរុញការប្រើប្រាស់បច្ចេកវិទ្យា ការសិក្សាស្រាវជ្រាវផ្សេងៗក្នុងវិស័យអប់រំ ឬវិស័យផ្សេងៗទៀតដែលជាមធ្យោបាយងាយស្រួលដល់អ្នកចូលរួមឱ្យបានយល់កាន់តែច្បាស់ពីការប្រើប្រាស់បច្ចេកវិទ្យា ជំនួយដល់ការបង្រៀន ការធ្វើកិច្ចការផ្សេងៗនៃការអប់រំតាមបែបឌីជីថលនៅកម្ពុជាឱ្យកាន់តែងាយស្រួលជាងមុន៕