Cctime 6monthsfree desktop
Cc times  web banner kh (2)

ទីលានទុកដាក់សំរាមក្រុងសិរីសោភ័ណតម្លៃជាង៦លានដុល្លារត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

បន្ទាយមានជ័យ៖ ទីលានទុកដាក់សំរាមក្រុងសិរីសោភ័ណ ដែលជាគម្រោងកែលម្អ គ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាបជំហាន២ ក្រោមកម្ចីឥណទានសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្រោមការនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥។ ពិធីសម្ពោធទីលានទុកដាក់សំរាម ដែលចំណាយថវិកាសាងសង់ជាង៦លានដុល្លារនេះ មានការអញ្ជើញចូលរួមពីលោក រស់ វណ្ណា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន លោក លី សុវណ្ណារិទ្ធ អភិបាលខេត្តស្តីទីនៃគណ:អភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំងភាគីពាក់ព័ន្ធជាច្រើនរូបទៀត។

លោក រស់ វណ្ណា បានពន្យល់ណែនាំដល់ប្រជាពលរដ្ឋឱ្យបានជ្រាបពីអត្ថប្រយោជន៍នៃការសាងសង់ទីលានទុកដាក់សំរាមក៏ដូចជាស្ថានីយចម្រោះទឹកកខ្វក់ ដែលយើងអាចទាញផលប្រយោជន៍មកវិញបានយ៉ាងច្រើន តាមរយ:ការធ្វើការកែច្នៃប្រើប្រាស់ឡើងវិញ ធ្វើជាជីកំប៉ុកជាដើម ជាពិសេសបើមានការទុកដាក់សំរាម និងទឹកកខ្វក់ឱ្យបានត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេស វាអាចកាត់បន្ថយនូវបញ្ហាឈឺថ្កាត់របស់ប្រជាពលរដ្ឋ ហើយប្រជាពលរដ្ឋពុំចាំបាច់ចំណាយច្រើនលើការព្យាបាលជំងឺផងដែរ។ ទន្ទឹមនឹងនេះប្រសិនយើងមានបរិស្ថានប្រកបដោយអនាម័យ នឹងរួមចំណែកបង្កើនសេដ្ឋកិច្ចជាតិតាមរយៈការទាក់ទាញភ្ញៀវទេសចរណ៍ដែលអាចឱ្យប្រជាពលរដ្ឋមានការងារធ្វើ និងបង្កើនប្រាក់ចំណូល ដែលធ្វើឱ្យតំបន់នោះមានការអភិវឌ្ឍន៍ជឿនលឿន។

លោកបន្ថែមផងថា ក្រសួងសាធារណការ និងដឹកជញ្ជូនបានសាងសង់រួចមកហើយនូវទីលានទុកដាក់សំរាមតាមបណ្តាខេត្តមួយចំនួនដូចជា ខេត្តព្រះសីហនុ ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តកំពង់ឆ្នាំង ខេត្តកំពត ខេត្តកែប ខេត្តកំពង់ចាម ខេត្តកំពង់ធំ ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។

គួរបញ្ជាក់ផងថា គម្រោងសាងសង់ទីលានទុកដាក់សំរាមក្រុងសិរីសោភ័ណនៃគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាប ជំហានទី២នេះ ប្រើប្រាស់រយ:ពេលសាងសង់ចំនួន១០ខែ(លឿនជាងកាលកំណត់៧ខែ) ដោយក្រុមហ៊ុន ហេង សម្បតិ្ត អាហរ័ណ នីហរ័ណ ដឹកជញ្ជូន និងសំណង់ ដែលមានទីតាំងស្ថិតក្នុងភូមិកង្វា សង្កាត់កំពង់ស្វាយ ក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលគម្រោងទាំងមូលត្រូវបានសាងសង់ឡើងនៅលើផ្ទៃដីសរុបទំហំ ១១ហិកតា ដែលនឹងគ្រោងឱ្យប្រើប្រាស់រហូតដល់ឆ្នាំ២០៤០ សម្រាប់ប្រជាជនប្រមាណជាង ១២៨ ២០៨នាក់ ដែលរស់នៅក្នុងសង្កាត់ម្កាក់ កំពង់ស្វាយ ព្រះពន្លា ទឹកថ្លា អូរអំបិល ភ្នៀត និងកោះពង្សសត្វ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង