.jpg?1737353436)
កណ្តាល៖ គិតត្រឹមថ្ងៃទី ២០ មករា ឆ្នាំ២០២៥នេះ គម្រោងសាងសង់«អាកាសយានដ្ឋានអន្តរជាតិតេជោ»លំដាប់ 4F របស់កម្ពុជា សម្រេចការងារសាងសង់បានប្រមាណជាង ៩៤ ភាគរយ និង ចាយលុយអស់ប្រមាណជាង១ពាន់ ៤ រយលានដុល្លារអាម៉េរិក។ការងារនៅប្រមាណ ៦ ភាគរយទៀត គឺជាការងារបច្ចេកទេស ការរៀបចំសំអាត និង រៀបចំបរិស្ថាន ដើម្បីត្រៀមបើដំណើរការ នៅអំឡុងខែកក្តដា ឆ្នាំ២០២៥នេះ។នេះបើយោងតាមរបាយការណ៍ចុងក្រោយរបស់ក្រុមហ៊ុនអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិតេជោ (ភ្នំពេញថ្មី) ។

បច្ចុប្បន្ននេះ «អាកាសយានដ្ឋានអន្តរជាតិតេជោ»កំពុងបើកទទួលដំណើរទស្សនកិច្ចបណ្តាក្រុមហ៊ុន ស្ថានទូតអន្តរជាតិនានា ដើម្បីសិក្សាស្វែងយល់ និង ស្វែងរកឱកាសនៃការវិនិយោគបន្ថែម។ជាក់ស្តែង នៅថ្ងៃទី ២០ មករានេះ ក្រុមហ៊ុនធានារ៉ាប់រងប្រមាណ៤៥ក្រុមហ៊ុន ដឹកនាំដោយនិយ័តករធានារ៉ាប់រងកម្ពុជាបានរៀបចំដំណើរទស្សនកិច្ចមកកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ ។
អាកាសយានដ្ឋានអន្តរជាតិតេជោ ចាប់ផ្តើមសាងសង់នៅ ឆ្នាំ២០២០ មានផ្ទៃដីសរុប ២,៦០០ហិកតា ស្ថិតនៅចម្ងាយ ១៩គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ អាកាសយានដ្ឋានអន្តរជាតិតេជោ ជាប្រភេទ 4F គឺប្រភេទព្រលានយន្តហោះធំ ដែលអាចនឹងស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប ដែលអាចឲ្យប្រភេទយន្តហោះធុនយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន៕




