
កណ្តាល៖ ក្រុមហ៊ុនធានារ៉ាប់រងប្រមាណ៤៥ក្រុមហ៊ុន ដឹកនាំដោយនិយ័តករធានារ៉ាប់រងកម្ពុជា នៅថ្ងៃទី ២០ មករានេះ បានរៀបចំដំណើរទស្សនកិច្ចមកកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ 4F របស់ប្រទេសកម្ពុជា។ជាដំណើរទស្សនកិច្ចក្នុងគោលបំណងសិក្សាស្វែងយល់ពីវឌ្ឍនភាពនានានៃដំណើរការសាងសង់ ខណៈដែលអាកាសយានដ្ឋាននេះ ត្រៀមបើកដំណើរការដំណាក់កាលទី១ នៅអំឡុងខែកក្តដា ឆ្នាំ២០២៥ខាងមុខនេះ។
ដូចរាល់ដងដែរដំណើរទស្សនកិច្ចរបស់ក្រុមហ៊ុនធានារ៉ាប់រងប្រមាណ៤៥ក្រុមហ៊ុន គឺទទួលបានធ្វើបទបង្ហាញពីក្រុមហ៊ុនអភិវឌ្ឍន៍ស្តីពីគម្រោងទាំងមូល និង ដំណើរការសាងសង់នានា ហើយក្រោយមកក្រុមការងារបានចូលទៅទស្សនកិច្ចដោយផ្ទាល់ពីគម្រោងទាំងមូល។ក្នុងដំណើរទស្សនកិច្ចនោះ ក្រុមហ៊ុនធានារ៉ាប់រងគាត់សម្តែងការភ្ញាក់ផ្អើលពីភាពរីកចម្រើននៃគម្រោង និង បានពិនិត្យពីការងារ ដើម្បីកិច្ចសហប្រតិបត្តិការ។

អាកាសយានដ្ឋានអន្តរជាតិតេជោ ចាប់ផ្តើមសាងសង់នៅ ឆ្នាំ២០២០ មានផ្ទៃដីសរុប ២,៦០០ហិកតា ស្ថិតនៅចម្ងាយ ១៩គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ អាកាសយានដ្ឋានអន្តរជាតិតេជោ ជាប្រភេទ 4F គឺប្រភេទព្រលានយន្តហោះធំ ដែលអាចនឹងស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប ដែលអាចឲ្យប្រភេទយន្តហោះធុនយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន៕

