
ភ្នំពេញ៖ ភាគីកាណាដា ស្នើសុំកិច្ចសហការពីសមាគមឧកញ៉ាកម្ពុជាក្នុងការរៀបចំព្រឹត្តិការណ៍ធុរកិច្ច និងជំនួបពាណិជ្ជកម្មនាអំឡុងខែឧសភាខាងមុខនេះ។ ការស្នើសុំនេះត្រូវបានធ្វើឡើងក្នុងកិច្ចជំនួបពិភាក្សាការងាររវាងអ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការសមាគមឧកញ៉ាកម្ពុជា ជាមួយលោក ដេវីដ វឺប្យូសស្គី (David Verbiwski) ជាភារធារី នៃការិយាល័យតំណាងកាណាដាប្រចាំនៅកម្ពុជា និងលោក ម៉ែន ប៊ុនឡេង (Men Bunleng) ជាប្រតិភូពាណិជ្ជកម្ម នៃការិយាល័យស្ថានទូតកាណាដា ប្រចាំកម្ពុជា នៅទីស្នាក់ការសមាគមឧកញ៉ាកម្ពុជា នាថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥។
ជំនួបនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងស្ថាប័នទាំងពីរ និងពិភាក្សាលើកិច្ចសហការក្នុងការត្រៀមរៀបចំទទួលប្រតិភូធុរកិច្ចកាណាដា ដែលគ្រោងនឹងបំពេញទស្សនកិច្ចមកកាន់កម្ពុជា នាថ្ងៃទី២៩-៣០ ខែឧសភា ឆ្នាំ២០២៥ នាពេលខាងមុខនេះ។
អ្នកឧកញ៉ា ហ៊ុន ឡាក់ បានសម្តែងការស្វាគមន៍ចំពោះលោកភារធារី និងលោកប្រតិភូពាណិជ្ជកម្ម និងបានជម្រាបជូនអំពីចក្ខុវិស័យ បេសកកម្ម និងសកម្មភាពសំខាន់ៗរបស់សមាគម ដែលជាដៃគូមួយរបស់រាជរដ្ឋាភិបាលក្នុងការជំរុញលើកកម្ពស់សេដ្ឋកិច្ច សកម្មភាពពាណិជ្ជកម្មនិងការវិនិយោគ ព្រមទាំងសកម្មភាពផ្សេងៗទៀត ដើម្បីជាឧត្ដមប្រយោជន៍សង្គមជាតិ។ លើសពីនេះ អ្នកឧកញ៉ា បានជម្រាបជូនអំពីបេសកកម្មជំរុញនិងទាក់ទាញវិនិយោគដឹកនាំដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាទៅកាន់បណ្ដាប្រទេសនានា ដែលប្រតិភូសមាគមបានចូលរួមនាពេលកន្លងមក ក្នុងនោះក៏មានទស្សនកិច្ចទៅកាន់ប្រទេសកាណាដាផងដែរ ដោយទទួលបានជោគជ័យ និងលទ្ធផលផ្លែផ្កាជាវិជ្ជមាន។
លោកភារធារី បានវាយតម្លៃខ្ពស់នូវតួនាទីដ៏សំខាន់របស់សមាគម ដែលជាបណ្ដុំនៃធុរជន និងវិនិយោគិនមកពីពហុវិស័យ និងជាកម្លាំងចលករមួយរួមចំណែកដល់ការជំរុញសកម្មភាពពាណិជ្ជកម្ម និងកំណើនសេដ្ឋកិច្ចជាតិ។ ក្នុងជំនួបនេះ លោកភារធារី បានជម្រាបជូនអំពីគម្រោងដឹកនាំប្រតិភូធុរកិច្ចកាណាដាប្រមាណ ៨០ក្រុមហ៊ុន ដែលមានបំណងស្វែងរកដៃគូ និងដាក់ទុនវិនិយោគនៅកម្ពុជា និងបានស្នើសុំការគាំទ្រ និងកិច្ចសហការពីសមាគមឧកញ៉ាកម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍ធុរកិច្ចនានា ដើម្បីផ្ដល់នូវឱកាសធុរកិច្ចដល់ធុរជននៃប្រទេសទាំងពីរធ្វើការតភ្ជាប់ទំនាក់ទំនងទៅវិញទៅមក។
យោងតាមលទ្ធផលនៃជំនួបនេះ ស្ថាប័នទាំងពីរបានបង្ហាញក្ដីរីករាយក្នុងការផ្ដល់កិច្ចសហការ និងការគាំទ្រលើការរៀបចំឱ្យមានព្រឹត្តិការណ៍ធុរកិច្ចជាមួយគ្នា និងរៀបចំជាក្រុមការងារសម្រាប់ជាយន្តការសម្របសម្រួលការងារនេះឱ្យបានជោគជ័យផងដែរ៕

