Cc times  web banner kh

«ឆ្នេរសមុទ្រ»កម្ពុជាជាច្រើនគីឡូម៉ែត្រនៅកែប និង ព្រះសីហនុ នឹងលើកកម្ពស់សោភ័ណភាពថ្មី

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ គណៈកម្មាធិការជាតិគ្រប់គ្រង និង អភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រុមការងារថ្នាក់ជាតិ​ចុះមូលដ្ឋានតំបន់ឆ្នេរនៃខេត្តព្រះសីហនុ កំពត និង កែប បានបន្តកែប្រែ​ស្ថានភាព លើកកម្ពស់សោភ័ណភាពឆ្នេរ ២៧០០ម៉ែត្រ ស្ថិតក្នុងខេត្តកែប និង ផ្តួចផ្តើមលើកកម្ពស់គុណភាព "ឆ្នេរព្រែកត្រែង" នៃខេត្តព្រះសីហនុ។

យោងតាម ក្រសួងរៀបចំដែនដី គម្រោងលើកកម្ពស់សោភ័ណភាព ឆ្នេរ២៧០០ម៉ែត្រ ត្រូវបានឱ្យឈ្មោះថា "ឆ្នេរតេជោសន្តិភាពកែប" ជាគម្រោងអភិវឌ្ឍន៍រមណីយដ្ឋានឆ្នេរខ្សាច់​កម្សាន្តសាធារណៈកម្រិតខ្ពស់ ស្ថិតនៅក្នុងសង្កាត់ព្រៃធំ ក្រុងកែប។គម្រោងនេះ នឹងលើកកម្ពស់គុណភាពឆ្នេរ ២៧០០ម៉ែត្រ នេះ ឱ្យក្លាយទៅជា​ឆ្នេរខ្សាច់កម្សាន្តតែមួយគត់ នឹងឆ្លើយតបបានទៅនឹងការរំពឹងទុក​របស់ភ្ញៀវទេសចរជាតិ-អន្តរជាតិ មកទស្សនាកម្សាន្តនៅឆ្នេរសមុទ្រកម្ពុជា។

ចំណែក«ឆ្នេរព្រែកត្រែង» នៃខេត្តព្រះសីហនុ ស្ថិតនៅក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ នឹងក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ​មួយទៀត​នៅក្នុងខេត្តព្រះសីហនុ ក៏ដូចជាតំបន់ឆ្នេរសមុទ្រ ដែលនឹងទាក់ទាញ​អ្នកទេសច​រជាតិ-អន្តរជាតិ មកទស្សនា សម្រាកលម្ហែ នៅតំបន់ឆ្នេរ ក៏ដូចជានៅកម្ពុជា។

បើតាមក្រសួង បន្ទាប់ពីគម្រោងអភិវឌ្ឍនេះបានបញ្ចប់ជាស្ថាពរ ឆ្នេរទាំងពីរនេះ នឹងក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ ទាំងភ្ញៀវទេសចរក្នុងស្រុក និងអន្តរជាតិ ហើយថែមទាំងបង្កើតឱកាសការងារ និងបង្កើតមុខរបរបន្ថែម​ទៀត​សម្រាប់ប្រជាជននៅក្នុងតំបន់ ដែលនឹងផ្តល់ប្រាក់ចំណូលច្រើនជាង​មុន និងធ្វើឱ្យជីវភាពរស់នៅកាន់តែល្អប្រសើរមួយកម្រិតថែមទៀត។

គួរបញ្ជាក់ថា គម្រោងលើកកម្ពស់គុណភាពអភិវឌ្ឍរមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ "ឆ្នេរតេជោសន្តិភាពកែប" និង "ឆ្នេរព្រែកត្រែង" ជាគម្រោងនៃកិច្ចសហប្រតិបត្តិការរដ្ឋ និងវិស័យឯកជនលើកដំបូងក្នុងការ​អភិវឌ្ឍឆ្នេរកម្សាន្តសាធារណៈ។គណៈកម្មាធិការជាតិគ្រប់គ្រង និង អភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា និង អាជ្ញាធរពាក់ព័ន្ធថ្លែងអំណរគុណ​ដល់វិស័យឯកជន ក៏ដូចជាសប្បុរសជនទាំងអស់ ដែលចូលរួមក្នុងការអភិវឌ្ឍគម្រោងទាំងពីរនេះ សម្រាប់ផលប្រយោជន៍​សាធារណៈ លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង