ភ្នំពេញ៖ ក្រសួងការងារ បានចាត់វិធានការចំពោះក្រុមហ៊ុន អាតធីវើស្ស (ខេមបូឌា) ឯ.ក ដោយពិន័យជាទឹកប្រាក់ ១៦ ៨០០ ០០០ (ដប់ប្រាំមួយលាន ប្រាំបីរយពាន់គត់) រៀល ដោយសារតែមិនអនុវត្តតាមច្បាប់ការងារក្នុង មាត្រា១៦៦ មាត្រា៣៦៣ថ្មី និងមាត្រា៣៨៣។
បើតាមសេចក្តីជូនដំណឹងនៃ ក្រសួងការងារ បានឱ្យដឹងថា ក្រុមហ៊ុននេះ ត្រូវបានរងការពិន័យជាទឹកប្រាក់ ដោយសារតែក្រុមហ៊ុននេះ មិនអនុវត្តតាមច្បាប់ស្តីពីការងារ បានអនុវត្តការឈប់សម្រាកប្រចាំឆ្នាំដោយមានប្រាក់ឈ្នួលមិន បានត្រឹមត្រូវជូនបងប្អូនកម្មករនិយោជិត ដែលបង្កើតជាបញ្ហាវិវាទការងារ កាលពីព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥។
ដោយអនុលោមតាមច្បាប់ស្តីពីការងារ មាត្រា១៦៦ មាត្រា៣៦៣ថ្មី និងមាត្រា៣៨៣ អធិការការងារបានចាត់វិធាន ការយ៉ាងម៉ឺងម៉ាត់ ដោយបានធ្វើការផាកពិន័យជាប្រាក់ចំពោះក្រុមហ៊ុននេះ ចំនួន ១៦ ៨០០ ០០០ (ដប់ប្រាំមួយលាន ប្រាំបីរយពាន់គត់) រៀល ដើម្បីបង្ការជាដាច់ខាតនូវការអនុវត្តមិនត្រូវទាំងនេះ។
ទន្ទឹមនឹងនេះ ក្រសួងបានសូមក្រើនរំលឹកដល់ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថានផ្សេងទៀត ត្រូវអនុវត្តការឈប់ សម្រាកប្រចាំឆ្នាំដោយមានប្រាក់ឈ្នួល ប្រាក់បំណាច់អតីតភាពការងារ និង/ឬប្រាក់បំណាច់ផ្សេងៗជូនកម្មករនិយោជិត ឱ្យបានត្រឹមត្រូវស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ក្នុងករណីមានការខកខាន ឬគណនាមិន បានត្រឹមត្រូវ ដែលនាំឱ្យមានវិវាទការងារ អធិការការងារនឹងចាត់វិធានការផាកពិន័យយ៉ាងតឹងរ៉ឹងតាមច្បាប់ជាធរមាន។