ព្រៃវែង៖ «វត្តសិរិសាគរ ដូនស្ដើង» នៅក្នុងខេត្តព្រៃវែង ទទួលបានបណ្ណជ័យលាភីកម្រិត«ល្អប្រសើរ»អារាមមេត្រីបរិស្ថាន«អារាមស្អាត អារាមបៃតង» នៅឆ្នាំ២០២៤ ពីក្រសួងបរិស្ថាន។នេះជាកិត្តិយស ជាដំណឹងដ៏ល្អសម្រាប់វត្ត និង ជាមុខមាត់សម្រាប់ស្រុកភូមិ ក៏ដូចជាខេត្តព្រៃវែង។
ពិធីប្រគល់បណ្ណជ័យលាភីត្រូវបានរៀបចំឡើងនៅក្នុង«វត្តសិរិសាគរ ដូនស្ដើង» ស្ថិតក្នុងភូមិស្វាយព្រឹម ឃុំសេនារាជឧត្តម ស្រុកព្រះស្ដេច ខេត្តព្រៃវែង របស់មានការចូលរួមពីមន្ត្រីក្រសួងបរិស្ថានកម្ពុជា និង មានព្រះតេជគុណ អ៊ឹម ទៀង ព្រះចៅអធិការវត្ត ទទួលដោយផ្ទាល់។
កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ វត្តសិរិសាគរ ដូនស្ដើង បានទទួលបណ្ណសរសើរមេត្រីភាពបរិស្ថានថ្នាក់ជាតិពីក្រសួងបរិស្ថាន។ នេះជាលើកទីមួយ ដែលវត្តសិរិសាគរ ដូនស្ដើង បានទទួលបណ្ណសរសើរមេត្រី ក្នុងសកម្មភាពចូលរួមប្រតិបត្តិមេត្រីភាពបរិស្ថាន ក្នុងកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការរស់នៅដោយចីរភាពនៅក្នុងមូលដ្ឋាន។
គួរបញ្ជាក់ថា «វត្តសិរិសាគរ ដូនស្ដើង» បានចំណាយពេលជិត ១០ឆ្នាំ ដើម្បីឱ្យវត្តមានភាពបៃតង និង មានដើមឈើតូចធំជាង៣រយប្រភេទ ស្មើនឹង៣ពាន់ដើម ដែលផ្ដល់ម្លប់យ៉ាងត្រឈឹងត្រឈៃ។បណ្ណសរសើរដែលក្រសួងបរិស្ថាន បានប្រគល់ឱ្យវត្ត ដោយផ្អែកលើ អារាមដែលប្រកបដោយអនាម័យ និង ផាសុកភាព ការដាំដុះបន្លែផ្លែឈើ និង ដើមឈើកម្រតាមព្រៃរបស់ខ្មែរ និងទីបី សំដៅដល់ការកែប្រែសោភ័ណភាពវត្តទៅជាបៃតង ជួយជីវិតនៅលើភពផែនដី និងការដកដង្ហើមសម្រាប់មនុស្សជាតិ៕