Cc times  web banner kh

ខេត្តកំពង់ធំជាប់«ជ័យលាភី»ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល

សង្គម
/
អ្នកយកព័ត៌មាន:
ស៊៊ុន សុខដារី
/
រូបភាព៖ រដ្ឋបាលខេត្តកំពង់ធំ

កំពង់ធំ៖ ខេត្តកំពង់ធំទទួលបានជ័យលាភី ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល(ODF) នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ ដែលឆ្លុះបញ្ចាំងពីស្ថានភាពល្អប្រសើរនៃលក្ខខណ្ឌរស់នៅក្នុងខេត្ត ក្រុង នៅកម្ពុជា។

លោក នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំបានជម្រាបថា ក្នុងខេត្តកំពង់ធំ មានចំនួនខ្នងផ្ទះប្រើប្រាស់បង្គន់សរុប ១៧៤ ៧៦០ខ្នងផ្ទះ ស្មើនឹង ១០០% ក្នុងនោះមានខ្នងផ្ទះប្រើប្រាស់បង្គន់ផ្ទាល់ខ្លួន ចំនួន ១៦២ ៨៧២ខ្នងផ្ទះ ស្មើនឹង ៩៣,២០% និងខ្នងផ្ទះប្រើបង្គន់រួម ចំនូន ១១ ៨៨៨ខ្នងផ្ទះ ស្មើនឹង៦,៨០%។ ក្នុងខេត្តកំពង់ធំ មានក្រុង ស្រុក សរុប ទាំង ៩ ទទួលបាន ODF ១០០%, ឃុំ-សង្កាត់ចំនួន ៨១ មាន ៧៥ ឃុំ-សង្កាត់ ទទួលបាន ODF និង មាន ឃុំ-សង្កាត់ ចំនួន៦ ទទួលបាន ODF Plus និងភូមិសរុបទាំងអស់ ៧៨៣ភូមិ មាន៥៤៧ភូមិ ជាភូមិ ODF និង ២៣៦ភូមិ ជាភូមិ ODF Plus ។

លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានជម្រាបថា ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងបន្តអនុវត្តផែនការសកម្មភាពជាតិស្តីពី ការផ្គត់ផ្គង់ទឹក ការសំអាត និង អនាម័យជនបទ ដែលសម្រេចបានអត្រាគ្របដណ្តប់ទឹកស្អាត និងអនាម័យទូទាំងប្រទេសប្រមាណ ៨៨,៨០% ក្នុងនោះអត្រាគ្របដណ្តប់ទឹក ៨៦,០៩% និងអនាម័យ ៩១,៤៧% ហើយបានកំណត់ថា នៅឆ្នាំ២០៣០ ប្រជាពលរដ្ឋនៅទូទាំងប្រទេសមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ និងការប្រតិបត្តិអនាម័យ ១០០% ព្រមទាំងរស់នៅក្នុងបរិស្ថានប្រកបដោយនិរន្ដរភាព។

គួរបញ្ជាក់ថា បច្ចុប្បន្នមានរាជធានី ខេត្តចំនួន ១៥ហើយ ដែលសម្រេចបានជារាជធានី ខេត្ត បញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF+និង ODF) រួមមាន៖ រាជធានីភ្នំពេញ ខេត្តស្វាយរៀង ព្រៃវែង កណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង កែប ព្រះសីហនុ កំពង់ចាម រតនគីរី សៀមរាប ត្បូងឃ្មុំ តាកែវ ខេត្តស្ទឹងត្រែង និងខេត្តកំពង់ធំ ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង