បន្ទាយមានជ័យ៖ គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្ត និងកាត់បន្ថយទឹកជំនន់ (IDFMP) ខេត្តបន្ទាយមានជ័យ ដែលទទួលហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋកូរ៉េ បានសម្រេចការងារបានប្រមាណ ៦៤% ហើយគ្រោងបញ្ចប់នៅពាក់កណ្តាលឆ្នាំ២០២៦។ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥។
បើតាមរបាយការណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម គិតត្រឹមថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥នេះ វឌ្ឍនភាពការងារសម្រេចបាន ៦៤,០២% លើផែនការ ៥២,៧៣% ក្នុងនោះរួមមាន៖ ទី១ការងារស្តារអាងទឹករួមមាន៖ អាងទឹកពង្រសម្រេចបាន១០០% អាងទឹកវាំងហែងសម្រេចបាន១០០% និងអាងទឹកកន្សែងសម្រេចបាន៩៩% ,ទី២ ការងារប្រពន្ធ័ប្រឡាយខ្នាតធំ រួមមាន៖ ប្រឡាយមេ MC១-១ សម្រេចបាន៩៨% ប្រឡាយមេ MC១-២ សម្រេចបាន៨៥% ប្រឡាយមេ MC២ សម្រេចបាន៩៥,០៤% ប្រឡាយមេ MC៣-១ សម្រេចបាន ៣៦% និងប្រឡាយមេ MC៣-២ សម្រេចបាន៩៨.៥០% និងទី៣ ការសាងសង់សំណង់សិល្បការ្យសម្រេចបានចំនួន ១២៧សំណង់ លើសំណង់សរុប ២១៦កន្លែង។
គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ និងកាត់បន្ថយទឹកជំនន់(IDFMP) ខេត្តបន្ទាយមានជ័យ ទទួលប្រភពទឹកមកពីតាមបណ្តាអូរ ស្ទឹងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ មានការកសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដូចជា ប្រឡាយស្រោចស្រព និងដោះទឹកខ្នាតធំចំនួន ៥ខ្សែ មានប្រវែងសរុប ៨៧,៦គីឡូម៉ែត្រ សំណង់សិល្បការ្យសរុបចំនួន ២១៦កន្លែង ស្តារអាងទឹកចំនួន ៣កន្លែង(អាងពង្រ អាងវាំងហែង និងអាងកន្សែង) និងជួសជុលអាងទឹកអូរខៃដន។
គួរបញ្ជាក់ថា គម្រោងនេះមានលទ្ធភាពស្រោចស្រពផ្ទៃដីបង្កបង្កើនផលក្នុងរដូវវស្សាប្រមាណ ២៨ ៣៥៤ហិកតា និងរដូវប្រាំងប្រមាណ ១៣ ៨២៧ហិកតា ប្រជាកសិករទទួលផលមានចំនួន ៤២ ២១៣គ្រួសារ ស្ថិតក្នុងឃុំ-សង្កាត់ចំនួន១២ នៃក្រុងប៉ោយប៉ែត ស្រុកម៉ាឡៃ ស្រុកអូរជ្រៅ និងក្រុងសិរីសោភ័ណ៕