ភ្នំពេញ៖ ដើម្បីផ្តល់ឱ្យកាសដល់និស្សិតទើបនឹងបញ្ចប់ការសិក្សា ក៏ដូចជាអ្នកដែលមានបំណងផ្លាស់ប្តូរការងារមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ រួមសហការជាមួយសមាគមធុរកិច្ចជប៉ុន (JBAC) ក្រោមការគាំទ្រដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA)នឹងរៀបចំកម្មវិធីពិព័រណ៍ការងារ ឆ្នាំ២០២៥។
កម្មវិធីពិព័រណ៍ការងារនេះ នឹងធ្វើឡើងនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន ចាប់ពីម៉ោង ៨៖០០ ព្រឹក ដល់ម៉ោង ៥៖០០ ល្ងាច ដោយមានក្រុមហ៊ុនជប៉ុន និងក្រុមហ៊ុនកម្ពុជាប្រមាណ៣០ ចូលរួម ជ្រើសរើសបុគ្គលិក ព្រមទាំងផ្តល់ឱកាសការងារជាង១៥០០កន្លែង។ សម្រាប់និស្សិតទើបនឹងបញ្ចប់ការសិក្សា និងអ្នកដែលមានបំណងផ្លាស់ប្តូរបទពិសោធន៍ការងារ អាចមកធ្វើការសាកសួរព័ត៌មាន ព្រមទាំងអាចធ្វើការសម្ភាសផ្ទាល់ជាមួយក្រុមហ៊ុន ដែលខ្លួនពេញចិត្តផងដែរ។
គួររម្លឹកផងដែរថា កម្មវិធីពិព័រណ៍ការងារ នៃមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ធ្វើឡើង២ដងក្នុងមួយឆ្នាំ ដោយលើកទី១ ធ្វើឡើងនៅអំឡុងខែមករា និងលើកទី២ ធ្វើឡើងនៅខែកក្កដា។ ចំពោះកម្មវិធីកាលពីឆ្នាំ២០២៤ មានចំនួនអ្នកស្វែងរកការងារចូលរួមប្រមាណជាង២៥០០នាក់ ដោយឡែកកម្មវិធីលើកនេះ មជ្ឈមណ្ឌលសង្ឈឹមថានឹងមានអ្នកចូលរួមកើនឡើងរហូតដល់ ៣០០០ ពាន់នាក់។
សម្រាប់និស្សិតដែលទើបនឹងបញ្ចប់ការសិក្សា និងអ្នកមានបំណងផ្លាស់ប្តូរការងារ សូមអញ្ជើញមកចូលរួមក្នុងកម្មវិធីពិព័រណ៍ការងារឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC)។ អ្វីដែលពិសេសនោះ មានក្រុមហ៊ុនកម្ពុជានិងជប៉ុនធំៗជាច្រើន ដូចជាធនាគារ Sathapana, ធានាគារ J Trust Royal, ធនាគារ Canadiana ផ្សារទំនើបអ៊ីអន ក្រុមហ៊ុនតូយ៉ូតា ក៏នឹងមកចូលរួមជ្រើសរើសបុគ្គលិកផងដែរ៕