បាត់ដំបង៖ ចាប់ពីដើមខែមករា ឆ្នាំ២០២៥នេះ រដូវកាលប្រមូលផលស្រូវបាននិងកំពុងបន្តនៅទូទាំងប្រទេស ហើយស្របពេលគ្នានេះ ក្រុមហ៊ុនអេមរុរ៉ាយស៍សាខាខេត្តបាត់ដំបង ក៏បាននិងកំពុងបន្តប្រមូលទិញស្រូវស្ដង់ដារផលិតកម្មស្រូវប្រកបដោយនិរន្ដរភាព (SPR) ប្រភេទក្រអូបពូជខ្មែរ ក្នុងបរិមាណប្រមាណ២០០ ទៅ២៥០តោន ក្នុងមួយថ្ងៃ ពីសហភាពសហគមន៍កសិកម្មបាត់ដំបង (BUAC) ជាមួយនឹងការផ្តល់ជូនតម្លៃបុព្វលាភ។
សូមបញ្ជាក់ថា សហភាពសហគមន៍កសិកម្មបាត់ដំបង គឺជាដៃគូសហការយ៉ាងសកម្មមួយរបស់អេមរុរ៉ាយស៍ តាមរយៈកិច្ចសន្យាកសិកម្មតាំងពីឆ្នាំ២០១៧មកម្ល៉េះ និងបានទទួលនូវការគាំទ្រផ្នែកបច្ចេកទេសលើការកសាង និងពង្រីកសមត្ថភាពលើការដាំដុះស្រូវឱ្យស្របតាមស្តង់ដារ និងទីផ្សារ តាមរយៈវគ្គបណ្តុះបណ្តាលនានា ក្នុងគោលដៅកសាងនូវការអភិវឌ្ឍន៍ប្រកបដោយភាពធន់រយៈពេលវែងដល់សហភាព និងសមាជិកដែលជាកសិករខ្នាតតូច។
គួរបញ្ជាក់ថា នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ តំណាង AFD នៃកម្មវិធីវ៉ត់ហ្វ័រខេម បានចុះមកទស្សនកិច្ចទៅលើការប្រមូលទិញស្រូវស្ដង់ដារផលិតកម្មស្រូវប្រកបដោយនិរន្ដរភាព (SRP) រវាងក្រុមហ៊ុនអេមរុរ៉ាយស៍សាខាខេត្តបាត់ដំបង និងសហភាពសហគមន៍កសិកម្មបាត់ដំបង។ កម្មវិធីវ៉តហ្វ័រខេម បានគាំទ្រនិងសម្របសម្រួលជាមួយសហភាពសហគមន៍កសិកម្មបាត់ដំបងទៅ លើផលិតផលកសិកម្មដូចជា ផលិតកម្មស្រូវប្រកបដោយនិរន្ដរភាព បូករួមទាំងផលិតកម្មដំណាំគម្របដី និងការផ្សព្វផ្សាយដំណាំគម្របដីផងដែរ៕