ភ្នំពេញ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ១០ មករា បានចេញព្រះរាជក្រឹត្យ ប្រោសព្រះរាជទាន ប្រើព្រះរាជសព្ទ និង ផ្តល់សិទ្ធិប្រើផ្លិតយសពិសេសដល់សម្តេចសង្ឃ ២អង្គ។
សម្តេចសង្ឃ២អង្គ ដែលត្រូវបានប្រោសព្រះរាជទាន ប្រើព្រះរាជសព្ទ ហើយមានសិទ្ធិប្រើផ្លិតយសពិសេស គឺមានសម្ដេចព្រះមហាសុមេធាធិបតី អំ លឹមហេង សម្ដេចព្រះសង្ឃនាយកនៃគណៈមហានិកាយ និង សម្ដេចព្រះពោធិវ័ង្ស ណយ ច្រឹក សម្ដេចព្រះសង្ឃនាយករងទី១ នៃគណៈមហានិកាយ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០០៧ ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានប្រោសព្រះរាជទានដល់សម្តេចព្រះសង្ឃរាជ៤ព្រះអង្គនៅកម្ពុជា មានសិទ្ធិប្រើផ្លិតយសពិសេស។ក្នុងនោះមាន សម្តេច ទេព វង្ស សម្ដេច បួរ គ្រី សម្តេច នន្ទ ង៉ែត និង សម្តេចសង្ឃ លាស់ ឡាយ ដែលសោយទិវង្គត ក្នុងព្រះជន្ម១០៦វស្សា៕